មហាសេដ្ឋីបារាំង Bernard Arnault ដែលជាម្ចាស់ក្រុមហ៊ុនផលិតសម្ភារៈនិយមលំដាប់កំពូល LVMH ទទួលបានការទុកចិត្តពីក្រុមវិនិយោគិន សម្រាប់ការបន្តកាន់តំណែងជានាយកប្រតិបត្តិ រយៈពេល ៩ឆ្នាំថែមទៀត។


សារព័ត៌មាន Nairametrics បានចុះផ្សាយថា កាលពីពេលកន្លងទៅ ក្រុមម្ចាស់ភាគហ៊ុន LVMH បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីបោះឆ្នោតដំឡើងដែនកំណត់អាយុរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីអាចឲ្យមហាសេដ្ឋីវ័យ ៧៦ឆ្នាំ មានលទ្ធភាពដឹកនាំក្រុមហ៊ុនបន្តបាន។
ក្រុមហ៊ុន LVMH បានផ្លាស់ប្ដូរគោលនយោបាយដែនកំណត់អាយុ CEO ប្រចាំក្រុមហ៊ុន ២លើករួចហើយ ដោយកាលពីឆ្នាំ២០២២ ពួកគេបានដំឡើងដល់ ៨០ឆ្នាំ ប៉ុន្តែថ្មីៗនេះ បានដំឡើងដល់ ៨៥ឆ្នាំ។
ការពន្យារពេលការដឹកនាំក្រុមហ៊ុន LVMH របស់លោក Bernard Arnault ត្រូវបានធ្វើឡើង ចំពេលទិន្នន័យលក់របស់ក្រុមហ៊ុននៅប្រទេសចិន កំពុងដាំក្បាលចុះខ្លាំង ដែលធ្វើឲ្យពួកគេខាតបង់ប៉ុន្មានឆ្នាំជាប់ៗគ្នា។

ស្ថានភាពក្រុមហ៊ុន LVMH បច្ចុប្បន្ន កំពុងរងការខូចខាតខ្លាំង ដោយសារការធ្លាក់ចុះនៃប្រភពចំណូលពីចិន ដែលជាទីផ្សារធំបំផុតរបស់ខ្លួន ហើយពួកគេទំនងចំណាយពេលយូរ ដើម្បីស្ដារស្ថានការណ៍ឲ្យប្រសើរ ដ្បិតសេដ្ឋកិច្ចពិភពលោកហាក់មិនទាន់មានភាពរឹងមាំ ចំពេលចិន និងអាមេរិក កំពុងពាក់មុខយក្សដាក់គ្នា ជុំវិញបញ្ហាពន្ធគយថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Luxurylaunches