វៀតណាមស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការបំពេញទស្សនកិច្ចផ្លូវការ ៣ថ្ងៃ​

នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru រួមទាំងភរិយា អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរទៅដល់ទីក្រុងហាណូយកាលពីរសៀលថ្ងៃអាទិត្យ និងបានចាប់ផ្ដើមបេសកកម្ម បំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញពីនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh រយៈពេល ៣ថ្ងៃ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន VNExpress ចុះផ្សាយថា ថ្នាក់ដឹកនាំជប៉ុនត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដោយមានឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស Bui Thanh Son អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu រង់ចាំទទួល។

ជាមួយគ្នានោះ ឯកអគ្គរាជទូតជប៉ុនប្រចាំវៀតណាម លោក Ito Naoki បានប្រាប់បណ្ដាញសារព័ត៌មានថា វត្តមាននាយករដ្ឋមន្ត្រី Ishiba មកកាន់ប្រទេសវៀតណាម បានឆ្លុះបញ្ចាំងឲ្យឃើញពីសម្ព័ន្ធមិត្តដ៏រឹងមាំ រវាងប្រទេសទាំង២។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ថ្នាក់ដឹកនាំទាំង២ នឹងជជែកគ្នាពីគម្រោងកិច្ចសហប្រតិបត្តិការជាច្រើន ដោយក្នុងនោះនឹងសង្កត់ធ្ងន់ដល់ការគាំទ្រវៀតណាម ដើម្បីសម្រេចបាននូវរបកគំហើញយុទ្ធសាស្ត្រចំនួនបី រួមមានគ្រឹះស្ថានអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ចំណែកឯកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅតែជាសសរស្ដម្ភសំខាន់ ដើម្បីរក្សាទំនាក់ទំនងទ្វេភាគីដូចដើម៕

អត្ថបទ៖ Luffy រូបភាព៖ VietNamPlus