TikTok ត្រៀមខ្លួនប្រឡូកក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកនៅជប៉ុន

ក្រុមហ៊ុនបណ្ដាញសង្គមចិន TikTok នឹងប្រឡូកចូលក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅប្រទេសជប៉ុន ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងស្វែងរកដៃគូសហការ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Nikkei ចុះផ្សាយថា TikTok កំពុងរៀបចំជ្រើសរើសអ្នកលក់លើផ្លេតហ្វមរបស់ខ្លួន ដែលមានឈ្មោះថា TikTok Shop ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចផ្សាយបន្តផ្ទាល់លក់ផលិតផលផ្សេងៗ ដើម្បីទទួលបានប្រាក់កម្រៃជើងសារ។

គួររំលឹកបន្តិចថា មួយរយៈចុងក្រោយ TikTok បានព្យាយាមពង្រីកសក្ដានុពលរបស់ខ្លួននៅពាសពេញពិភពលោក ពោលកាលពីខែមុន ចាប់ផ្ដើមដាក់ដំណើរការ TikTok Shop នៅបារាំង អាល្លឺម៉ង់ និងអ៊ីតាលី ជាមួយគោលដៅពង្រីកខ្លួនកាន់តែធំនៅទីផ្សារអឺរ៉ុប។

ការចាប់ផ្ដើមហក់ចូលក្នុងទីផ្សារប្រទេសជាច្រើនរបស់ TikTok បានកើតឡើង បន្ទាប់ពីស្ថានភាពរបស់ក្រុមហ៊ុននៅអាមេរិក ហាក់មិនទាន់មានស្ថិរភាពត្រឹមត្រូវ ពោលអាចនឹងប្រឈមនឹងការបិទទ្វារភ្លាមៗ បើសិនជា TikTok មិនព្រមលក់ ឬអាចស្វែងរកអ្នកទិញភាគហ៊ុនពាក់កណ្ដាលបាន៕

អត្ថបទ៖ Luffy រូបភាព៖ SCMP