វៀតណាមគ្រោងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿន តម្លៃ ៦៧ពាន់លានដុល្លារនាឆ្នាំក្រោយ

ប្រទេសវៀតណាម នឹងចាប់ផ្ដើមដំណើរការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីភាគខាងជើង ទៅភាគខាងត្បូងពីខែធ្នូ ឆ្នាំ២០២៦ ខណៈគម្រោងមួយនេះមានតម្លៃរហូតដល់ ៦៧ពាន់លានដុល្លារ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ផែនការមួយនេះនឹងជួយជំរុញការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលនឹងសម្រេចជ្រើសរើសក្រុមហ៊ុនម៉ៅការគម្រោងមួយនេះ ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦។

តាមដានជាមួយយើង៖ Million Times
រូបតំណាងរថភ្លើងល្បឿនលឿន

ផែនការផ្លូវរថភ្លើងល្បឿនលឿននេះ មានប្រវែង ១ ៥៤១គីឡូម៉ែត្រ តភ្ជាប់ពីស្ថានី័យ Ngoc Hoi នៃទីក្រុងហាណូយ ទៅកាន់ស្ថានីយ Thu Thiem នៃទីក្រុងហូជីមិញ ដោយឆ្លងកាត់ ២០តំបន់ផ្សេងៗគ្នា។

ដើម្បីអាចធានាបាននូវការសាងសង់ដោយរលូន រដ្ឋាភិបាលបានបញ្ជាឲ្យអាជ្ញាធរប្រចាំតំបន់ទាំងនោះ រួមទាំងអគ្គិសនីវៀតណាម ត្រូវរួសរាន់ទិញដីពីប្រជាពលរដ្ឋ ដែលជាឧបសគ្គនៅក្នុងគម្រោងមួយនេះ ឲ្យចប់សព្វគ្រប់មុនខែធ្នូ ឆ្នាំ២០២៦។

ក្រសួងសំណង់វៀតណាមអះអាងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែនេះ នឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០៣៥ បើសិនជាដំណើរការសាងសង់មិនត្រូវបានរារាំង ឬជួបបញ្ហាកកស្ទះណាមួយ៕

អត្ថបទ៖ Luffy រូបភាព៖ Wood Central