ក្រុមហ៊ុន Nissan Motor បានប្រកាសថា ពួកគេនឹងបន្ថែមការវិនិយោគនៅប្រទេសចិនរហូតដល់ ១,៤ពាន់លានដុល្លារ ដើម្បីជំរុញទិន្នន័យលក់រថយន្ត ចំពេលទីផ្សាររបស់ខ្លួនកំពុងមានសន្ទុះយឺត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


លោក Stephen Ma ប្រធានក្រុមហ៊ុន Nissan ប្រចាំប្រទេសចិនបានឲ្យដឹងថា ប៉ុន្មានឆ្នាំមកនេះ អត្រាលក់រថយន្តរបស់ពួកគេនៅទូទាំងសកលលោកមានកំណើនយឺត ប៉ុន្តែចំពោះទីផ្សាររថយន្តនៅចិនកំពុងរីកចម្រើនខ្លាំង ដូច្នេះត្រូវតែចាប់យកឱកាសប្រកួតប្រជែងមួយនេះ។
ផែនការចាយលុយ ១,៤ពាន់លានដុល្លារ វិនិយោគនៅចិនត្រឹមចុងឆ្នាំ២០២៦ របស់ Nissan ត្រូវបានប្រកាសចំពេលក្រុមហ៊ុន បង្ហើបពីគម្រោងផលិតរថយន្តចំនួន ១០ម៉ូដែលថ្មីៗនៅចិន ដែលត្រៀមនឹងចេញលក់នៅរដូវក្ដៅ ឆ្នាំ២០២៧ ខណៈរថយន្តទាំងនោះគឺប្រើអគ្គិសនីសុទ្ធសាធ។

លោក Ma អះអាងទៀតថា Nissan កំពុងមានបំណងបង្កើតមជ្ឈមណ្ឌលរថយន្តធំបំផុតរបស់ខ្លួននៅចិន ដោយត្រៀមនាំចេញរថយន្តពីនោះ ទៅកាន់បណ្ដាប្រទេសជាច្រើន លើកលែងតែសហរដ្ឋអាមេរិក ដោយសារវិវាទពន្ធគយរវាងប្រទេសទាំង២៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg