នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង។



ព្រះរាជពិធីនេះក៏មានការយាងនឹងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមាន៖ សម្ដេចប្រធានព្រឹទ្ធសភា, សម្ដេចប្រធានរដ្ឋសភា, សម្ដេចនាយករដ្ឋមន្ត្រី,ព្រះរាជវង្សានុវង្ស, មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃនៅទីព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១២-១៣-១៤ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ បានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ ក្រោមអធិបតីភាពព្រះករុណាព្រះមហាក្សត្រ។

ជាលទ្ធផល នៃការផ្សងរបស់គោឧសភរាជបានក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបង្ហាញថា ស្រូវ ពោត និងសណ្តែក នៅក្នុងឆ្នាំនេះទទួលបានទិន្នផលខ្ពស់។ ក្រោយពេលការភ្ជួរ និងព្រោះគ្រាប់ស្រូវអស់រយៈពេល៣ ជុំរួចហើយ ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិត បានធ្វើពិធីសូត្រមន្តប្រោះព្រំទឹកលើ«គោឧសភរាជ» និងយកគោឧសភរាជឱ្យទៅបរិភោគគ្រាប់ធញ្ញជាតិ ទឹក និងស្រា ដែលមានទាំងអស់ ៧មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក ដែលបានរៀបចំទុករួចជាស្រេច។ បន្ទាប់ពីគោឧសភរាជបានបរិភោគរួច ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិត បាននាំយកលទ្ធផលពីការបរិភោគរបស់គោឧសភរាជថ្វាយព្រះមហាក្សត្រ។
ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិត បានថ្លែងថា ស្រូវបានចំនួន៩៥ភាគរយ ពោធ៩៥ភាគរយ ខណៈ និងសណ្តែក៨០ភាគរយ។ ព្រាហ្មណ៍ព្រះរាជគ្រូបុរោហិតបានថ្លែងបន្តថា នេះជាការផ្សងប្រផ្នូលតាមទំនៀមទម្លាប់ព្រះរាជបវេណីនៃព្រះរាជពិធីច្រត់ព្រះនង្គ័លដែលមានតាំងពីបុរាណកាលមក ក៏ដូចជាការប្រកាសថា «រដូវវប្បមង្គល» បានចូលមកដល់ហើយ៕




អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកសម្តេចតេជោ