វិទ្យាស្ថាន Mastercard Economics ចេញផ្សាយរបាយការណ៍តាមរយៈការសិក្សាថ្មីមួុយរបស់ខ្លួន បានឲ្យដឹងថា ទីក្រុងហាណូយ ប្រទេសវៀតណាម និងទីក្រុងបាងកក ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ ត្រូវបានដាក់ឈ្មោះក្នុងចំណោមទីក្រុងដែលមានកម្រិតខ្ពស់បំផុតនៃការក្លែងបន្លំការធ្វើដំណើរ។


សារព័ត៌មាន CNBC បានផ្សាយថា នៅទីក្រុងបាងកក សេវាកម្មជួលតាក់ស៊ី និងរថយន្តមានចំនួន ៤៨% នៃករណីក្លែងបន្លំ ដែលធ្វើឱ្យពួកគេក្លាយជាប្រភពនៃការបោកប្រាស់ទូទៅបំផុតដែលផ្តោតលើភ្ញៀវទេសចរណ៍ ខណៈភ្ញៀវបរទេសជាច្រើនក៏បានរាយការណ៍ថាត្រូវបានបោកប្រាស់ដោយអ្នកផ្តល់សេវាម្ហូបអាហារផងដែរ។
អ្នកធ្វើដំណើរទៅកាន់ទីក្រុង Cancun ប្រទេសម៉ិកស៊ិក ហាណូយ ប្រទេសវៀតណាម ដាកា ប្រទេសបង់ក្លាដែស និងបាងកក ប្រទេសថៃមានកម្រិតនៃការក្លែងបន្លំខ្ពស់ជាងគេ ខណៈទីក្រុងដែលមានអត្រាការក្លែងបន្លំទាបបំផុត គឺទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ឌូបលីន សេអ៊ូល ប៊ូដាប៉េស និងអេឌីនបឺក ជាដើម។

បើតាម CNBC ប្រភេទនៃការបោកប្រាស់ដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងក៏ប្រែប្រួលផងដែរ ដោយសារការបោកប្រាស់តាក់ស៊ី និងជួលរថយន្តមានត្រឹមតែ ២% នៃករណីក្លែងបន្លំទេសចរណ៍នៅក្នុងទីក្រុងដូចជាហុងកុង និងបាសេឡូណា ប៉ុន្តែមានចំនួន ៦៦% នៃករណីនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ បណ្តាញសង្គមថៃ