ប្រមុខការទូត Rubio៖ អាមេរិកនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ក្រោយការទារពន្ធគយទ្រង់ទ្រាយធំ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា នៅពេលដែលសហរដ្ឋអាមេរិក សម្រេចនូវការអនុវត្តវិធានការទារពន្ធគយ ពីដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួន នោះមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកមួយនេះ នឹងរៀបចំកិច្ចព្រមព្រៀងការជួញដូរពាណិជ្ជកម្មថ្មី ជាមួយបណ្ដាប្រទេសទាំងនោះឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងរបស់ប្រមុខការទូតអាមេរិក ធ្វើឡើងក្រោយប្រធានាធិបតី Donald Trump បានគំរាមទារពន្ធរហូតដល់ ២០០% ពីការនាំចូលគ្រឿងស្រវឹង ពីតំបន់អឺរ៉ុបមកទីផ្សារអាមេរិក ដែលធ្វើឲ្យអ្នកតាមដានសេដ្ឋកិច្ចយល់ឃើញថា ជាការបង្កាត់ភ្លើងសង្គ្រាមពាណិជ្ជកម្មសកលលោក។

លោក Rubio បានសង្កត់ធ្ងន់ថា អាមេរិកនឹងដាក់វិធានការសងសឹកពន្ធ ចំពោះប្រទេសដែលដាក់ពន្ធលើខ្លួន ហើយក្រោយអនុវត្តវិធានការមួយនោះរួចរាល់ អាមេរិកនឹងរៀបចំកិច្ចប្រជុំមួយ ជាមួយបណ្ដាប្រទេសទាំងអស់នោះ ស្វែងរកដំណោះស្រាយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលមានតម្លាភាពរៀងៗខ្លួន។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ មិនបានបញ្ជាក់លំអិតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនោះឡើយ ប៉ុន្តែលោកអះអាងថា អាមេរិកនឹងព្យាយាមលុបបំបាត់នូវភាពអយុត្តិធម៌ ហើយកំណត់ឡើងវិញនូវភាពច្បាស់លាស់ និងធានាឲ្យបាននូវតម្លាភាព សម្រាប់ដៃគូពាណិជ្ជកម្មទាំងអស់របស់ខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ FirstPost