ថ្មីៗនេះ គណបក្សកាន់អំណាចកាណាដា គឺគណបក្សសេរីនិយមបានរៀបចំការបោះឆ្នោតមួយ ស្វែងរកប្រធានបក្សថ្មី និងបន្តតំណែងនាយករដ្ឋមន្ត្រីពីលោក Justin Trudeau ដោយលោក Mark Carney ជាអ្នកទទួលបានជ័យជម្នះ ជាមួយលទ្ធផលគាំទ្ររហូតដល់ ៨៦% ផ្ដួលសមាជិកសភាអ្នកស្រី Chrystia Freeland។


ទីភ្នាក់ងារព័ត៌មាន BBC រាយការណ៍ថា អនាគតមេដឹកនាំកាណាដាថ្មីរូបនេះ មិនធ្លាប់មានបទពិសោធន៍លើឆាកនយោបាយទាល់តែសោះ ប៉ុន្តែលោកបានប្រឡូកឆ្អែតឆ្អន់ក្នុងវិស័យហិរញ្ញវត្ថុ ដោយធ្លាប់កាន់តំណែងជាទេសាភិបាលធនាគារធំៗចំនួន ២លើក គឺធនាគារកណ្ដាលកាណាដា និងធនាគារអង់គ្លេស។
ក្រៅពីធនាគារកំពូលៗទាំង២ លោក Mark ក៏ធ្លាប់បានធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុឯកជន សម្រាប់ក្រុមហ៊ុនកំពូលៗដូចជា Goldman Sachs នៅក្នុងទីក្រុងធំៗរួមមាន ទីក្រុង New York, London និង Tokyo ជាដើម។
បុរសវ័យ ៥៩ឆ្នាំរូបនេះ ធ្លាប់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ Harvard និងបន្តបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Oxford ក្នុងឆ្នាំ១៩៩៥។ ក្នុងឆ្នាំ២០០៣ លោកបានទទួលតំណែងជាទេសាភិបាលរងនៃធនាគារកណ្ដាលកាណាដា និងជាអនុរដ្ឋមន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ។

លុះឆ្នាំ២០០៧ លោកបានក្លាយជាទេសាភិបាលនៃធនាគារកណ្ដាលកាណាដា និងទទួលបានការជ្រោមជ្រែងខ្លាំង ដែលជួយឲ្យស្ថានភាពសេដ្ឋកិច្ចប្រទេសនាពេលនោះ ជៀសផុតពីវិបត្តិហិរញ្ញវត្ថុសកល ដែលផ្ទុះឡើងក្នុងឆ្នាំ២០០៨។
ក្នុងឆ្នាំ២០១៣ លោក Mark ត្រូវបានតែងតាំងដោយលោក George Osborne អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេស ក្នុងការក្លាយជាទេសាភិបាលធនាគារកណ្ដាលអង់គ្លេស ខណៈលោកគឺជាបុគ្គលតែម្នាក់គត់ក្នុងរយៈពេលច្រើនជាង ៣០០ឆ្នាំ ដែលកាន់តំណែងមួយនេះ ទោះមិនមែនជាជនជាតិអង់គ្លេស។
ថ្វីដ្បិតតែលោក Mark មិនធ្លាប់មានបទពិសោធន៍នយោបាយមែន ប៉ុន្តែសមាជិកបក្សសេរីនិយមយល់ឃើញថា សមត្ថភាព និងស្នាដៃរបស់លោកក្នុងវិស័យហិរញ្ញវត្ថុ គឺសក្តិសមបំផុតក្នុងការដឹកនាំប្រទេសកាណាដា ក្នុងស្ថានភាពបច្ចុប្បន្ននេះ។
សមាជិកបក្សសេរីនិយមមានជំនឿចិត្តថា ផ្អែកលើបទពិសោធន៍ជោគជាំក្នុងវិស័យហិរញ្ញវត្ថុ លោក Mark Carney គឺជាបុគ្គលតែមួយគត់ ដែលអាចប្រឈមមុខដោះស្រាយបញ្ហា ជាមួយការគំរាមកំហែងពន្ធគយ ពីប្រធានាធិបតីអាមេរិក Donald Trump ខណៈវិធានការពន្ធគយនេះទៀតសោត ហាក់កំពុងឡើងកម្ដៅ និងប្រឈមការផ្ទុះឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង២។

សូមជម្រាបដែរថា លោក Mark Carney នៅមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីកាណាដាពេញសិទ្ធនោះឡើយ ដរាបណាលោកមិនទាន់ស្បថចូលកាន់តំណែង។ កាលបរិច្ឆេទនៃការស្បថចូលកាន់តំណែង មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយ ខណៈបច្ចុប្បន្នលោក Justin Trudeau កំពុងរៀបចំដំណើរការផ្ទេរតំណែង ដែលអាចបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬអាចឈានដល់សប្ដាហ៍ រហូតដល់លោក Mark ស្បថចូលកាន់តំណែង ទើបលោក Trudeau អាចលាលែងជាផ្លូវការបាន៕
អត្ថបទ៖ Luffy រូបភាព៖ Fortune/ BBC/ ABC