ថ្លែងចំពោះមុខសិស្សានុសិស្សប្រមាណជាង ៣ពាន់នាក់នៅខេត្តកំពង់ធំ មហាសេដ្ឋី លី យ៉ុងផាត់ បានក្រើនរំលឹកដល់សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាជាទីបំផុត ដើម្បីអនាគតភ្លឺស្វាង សម្រាប់ខ្លួនឯង គ្រួសារនិងសង្គមជាតិ។


ការថ្លែងយ៉ាងដូច្នេះរបស់មហាសេដ្ឋី លី យ៉ុងផាត់ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» កាលពីថ្ងៃទី១៧ កុម្ភៈនៅវិទ្យាល័យទ្រៀល ស្ថិតក្នុងភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើ និងក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំងក្លាជាទីបំផុតដើម្បីអនាគតភ្លឺស្វាង សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ពោលគឺត្រូវធ្វើជាសិស្សល្អ ពលរដ្ឋល្អ យុវជនល្អ និងមានសុខភាពល្អដែលជាធនធានមនុស្សដ៏មានគុណតម្លៃ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខទាំងអស់ដើម្បីក្លាយជាយុវជនបន្តវេនប្រកបដោយថាមពលក្នុងការចូលរួមថែរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងការឯកភាពជាតិ។
ជាមួយគ្នានេះដែរ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពការអប់រំ គឺត្រូវមានការចូលរួមពីតួអង្គចំនួន៦ រួមមាន៖ កត្តាសិស្សខ្លួនឯង, កត្តាគ្រូបង្រៀន, កត្តាសាលារៀន, កត្តាមាតាបិតា និងអាណាព្យាបាលសិស្ស, កត្តាគាំទ្រពីសហគមន៍ និងអាជ្ញាធរនៅនឹងកន្លែង, និងការចូលរួមពីវិស័យឯកជន ដែលនេះគឺជាការចូលរួមទាំងអស់គ្នា ក្រោមទិសស្លោក «ទាំងអស់គ្នាដើម្បីការអប់រំ»។

លោកបានបញ្ជាក់ថា ប្រទេសជាតិមួយដែលខ្លាំងទាល់តែមានធនធានមនុស្សខ្លាំង ជាពិសេសនៅក្នុងបរិការណ៍មួយដែលពិភពលោកកំពុងស្ថិតនៅក្នុងភាពបែកបាក់ ទាំងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ដូច្នេះ ការអប់រំគឺជាមូលដ្ឋានគន្លឹះក្នុងការបង្កើតមូលធនមនុស្សដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ជាមនុស្សដែលមានចំណេះដឹង មានជំនាញច្បាស់លាស់ មានអត្តចរិត គុណធម៌ សីលធម៌ និងសុខភាពរឹងមាំ ព្រមទាំងត្រូវមានការទទួលខុសត្រូវខាងសង្គមផងដែរ។
ទន្ទឹមនេះ ក៏ត្រូវរៀបចំកម្មវិធីអប់រំឱ្យស្របនិងទាន់ការវិវត្តន៍នៃបច្ចេកវិទ្យា និងឱ្យចំតម្រូវការនៃសង្គម បើមិនដូច្នោះទេ យើងនឹងត្រូវខាតធនធាន និងខាតពេលវេលា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី