Trump បញ្ជាឲ្យក្រសួងយុត្តិធម៌បញ្ចប់ការងាររដ្ឋអាជ្ញាទាំងអស់ ដែលសេសសល់ពីសម័យលោក Biden

នាថ្ងៃពុធ ទី១៩ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសថា លោកបានបញ្ជាឲ្យក្រសួងយុត្តិធម៌ បណ្ដេញរដ្ឋអាជ្ញាទាំងអស់ ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតី Joe Biden ចេញពីជួររដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

ប្រធានាធិបតី Trump បានអះអាងថា នៅក្នុងអាណត្តិមុន ក្រសួងយុត្តិធម៌ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ដែលមិនធ្លាប់មានពីមុនមក។ ដូច្នេះវាគួរតែដល់ពេលសំអាត និងស្ដារទំនុកចិត្តឡើងវិញ ដ្បិតយុគសម័យមាសរបស់អាមេរិក ត្រូវតែមានប្រព័ន្ធយុត្តិធម៌ ដែលមានតម្លាភាព។

គួរជម្រាបដែរថា កាលពីសប្ដាហ៍មុន សេតវិមានបានផ្ញើលិខិតបញ្ចប់ការងារ ទៅកាន់រដ្ឋអាជ្ញាអាមេរិកជាច្រើនរូបទូទាំងប្រទេស ដែលត្រូវបានតែងតាំងនៅក្នុងសម័យដឹកនាំ របស់អតីតប្រធានាធិបតី Joe Biden។

វាគឺជារឿងសាមញ្ញទៅហើយ ដែលប្រធានាធិបតីថ្មី តែងតែជម្រុះចោលនូវមន្ត្រីសហព័ន្ធចាស់ៗ ក៏ប៉ុន្តែការផ្លាស់ប្ដូរមន្ត្រីនៅក្រសួងយុត្តិធម៌ គឺជារឿងកម្រ ដ្បិតជាទូទៅរដ្ឋអាជ្ញាអាមេរិក តែងរក្សាតំណែងរបស់ពួកគេ ពីមួយអាណត្តិទៅមួយអាណត្តិ និងកម្រមានការផ្លាស់ប្ដូរទាំងស្រុងបែបនេះណាស់៕

អត្ថបទ៖ Luffy រូបភាព៖ NY1