ថៃកំពុងសិក្សាគម្រោងសាងរបងព្រំដែនកម្ពុជា-ថៃ ប្រវែង ១៦៥ គីឡូម៉ែត្រ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន

ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន ប្រទេសថៃ​បាន​កំពុង​សិក្សា​ពី​គម្រោង​សាង​សង់របង​តាម​ព្រំដែន​កម្ពុជា-ថៃ ដែល​មាន​ប្រវែង ១៦៥ គីឡូម៉ែត្រ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ថៃ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ។ ក្នុង​សារព័ត៌មាន​​បាន​ប្រកាស​ខាង​ថៃ​ត្រៀម​ផ្អាក​អគ្គិសនី ប្រេង អ៊ីនធឺណិត នៅ​ព្រំ​ដែន​កម្ពុជា-ថៃ ក្នុង​៣​ស្រុក ១ កោះ ៤ខេត្ត នៅព្រំដែនស្រះកែវ សម្រាប់សាងសង់​របង​ប្រវែង ១៦៥ គីឡូម៉ែត្រ ដើម្បី​បង្ក្រាប​បទ​ល្មើស​ឆ្លង​ដែន។

តាមដានជាមួយយើង៖ Million Times

កាលពី​ថ្ងៃ​១២ ខែ​កុម្ភៈ ឆ្នាំ ២០២៥ លោក​ឧត្ដមសេនីយ៍ឯក Thanathip Sawangsaeng អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ បាន​បង្ហើប​ថា លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ, លោក Prasert Chantaruangthong ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​លោក Surawong Thienthong រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​កីឡា បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ស្រុក Aranyaprathet ខេត្ត​ស្រះកែវ ដើម្បី​តាមដាន​ស្ថាន​ភាព​ព្រំដែន និង​ជំរុញ​វិធានការ​ពង្រឹង​សន្តិសុខ និង​សេដ្ឋកិច្ច​តាម​ព្រំដែន។

រដ្ឋាភិបាល​ថៃ​បាន​ឈាន​ទៅ​មុខ​ជាមួយ​នឹង​ការ​គិតគូរ​សាងសង់​របង​ព្រំដែន​ប្រវែង ១៦៥ គីឡូម៉ែត្រ​រវាង​ប្រទេស​ថៃ និង​កម្ពុជា ក្នុង​ខេត្ត​ស្រះកែវ ដើម្បី​គ្រប់គ្រង​ការ​ចូល និង​ចេញ ទប់ស្កាត់​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​កាត់​បន្ថយ​បញ្ហា​នៃ​តំបន់​ត្រួត​ស៊ីគ្នា​ជាង ៥៥ គីឡូម៉ែត្រ​ដោយ​ចំណាយ​ថវិកា​ប្រមាណ ២៨៦ លាន​បាត សម្រាប់​ប្រតិបត្តិការ​នោះ។

លើស​ពី​នេះ នគរបាល​ភូមិភាគ​ទី​២ បាន​បង្កើន​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ឆ្លងដែន ក្រោម​គោលនយោបាយ «​បិទ​សុវត្ថិភាព​» ដោយ​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ ស្វែង​រក​មនុស្ស និង​យានយន្ត និង​ត្រៀម​រួចរាល់​ក្នុង​ការ​ដំឡើង​កាមេរ៉ា CCTV ឥត​ខ្សែ និង​បង្គោល​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ឃ្លាំ​មើល។

ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត Cyber ​​Police (CyberCopTH) នឹង​ប្រើប្រាស់​ប្រព័ន្ធ AI ដើម្បី​វិភាគ​សំឡេង និង​ដំឡើង​ប៉ម ដើម្បី​ស្ទាក់​ចាប់​មុខ​សញ្ញា ព្រម​ទាំង​បង្កើត​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ប្រតិបត្តិការ​ពិសេស ក្នុង​ពេល​ជា​មួយ​គ្នា​នោះ NBTC បាន​គ្រប់គ្រង​សញ្ញា​ទូរគមនាគមន៍​នៅ​តំបន់​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​ខុស​ច្បាប់​នៃ​បណ្ដាញ​ទូរស័ព្ទ​ចល័ត​ឆ្លងដែន។

ខាង​ភាគី​ថៃ​បាន​ត្រៀម​បច្ចេកទេស​ជាច្រើន​ក្នុង​ការ​ទប់ស្កាត់​រាល់​បទល្មើស​នានា ក្នុង​នោះ​មាន​ទាំង​ផ្នែក​សេវា​ទូរស័ព្ទ និង​ផ្នែក​ធនាគារ​ក៏​រៀបចំ​រួចរាល់ ដើម្បី​ប្រមាញ់​អ្នក​ប្រព្រឹត្តិ​ខុស​ច្បាប់។ មិន​ទាន់​អស់​ឡើយ​អាជ្ញាធរ​ថៃ​ក៏​បាន​ទៅ​ទស្សនា​ផ្សារ Benchawan ផង​ដែរ ដែល​ជាប់​ផ្សារ​រោង​ក្លឿ ដើម្បី​ពិនិត្យ​មើល​លទ្ធផល​នៃ​វិធានការ ដក​បង្គោល​ទូរស័ព្ទ និង​កាត់​ខ្សែ​អ៊ីនធឺណិត​ខុសច្បាប់។ នោះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ “បំបែកវដ្តនៃក្រុមក្មេងទំនើង Call Center” «បិទ​ចន្លោះ​ប្រហោង​ក្នុង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន»។

ការ​ចុះ​ត្រួត​ពិនិត្យ​បាន​រក​ឃើញ​ថា បង្គោល​សញ្ញា​ទូរស័ព្ទ​ទាំង​អស់​ដែល​ប្រើ​សម្រាប់​បញ្ជូន​សញ្ញា​មក​កម្ពុជា​ត្រូវ​បាន​រុះរើ។ បន្ទាប់​ពី​រក​ឃើញ​ថា​វា​អាច​នឹង​ត្រូវ​បាន​ប្រើ​ជា​ឆានែល​ដើម្បី​គាំទ្រ​បណ្ដាញ​ក្លែង​បន្លំ និង​ខ្សែ​អ៊ីនធឺណិត​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។ ដែល​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ប្រើ​ជា​ឧបករណ៍ សម្រាប់​អ្នក​បោកប្រាស់​ថៃ ត្រូវ​បាន​កាត់​ផ្ដាច់​សញ្ញា​ទាំងអស់ ក៏​ដើម្បី​ទប់ស្កាត់​ការ​ភ្ជាប់​បណ្ដាញ​ខុស​ច្បាប់​ផង​ដែរ។

នៅ​មាន​វិធាន​ការ​ដ៏​តឹងរ៉ឹង​ជាច្រើន​ទៀត ដែល​ខាង​ប្រទេស​ថៃ​បាន​ដាក់​បទ​បញ្ជា​ទៅ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​តាម៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ amarintv