ប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈថា លោកនឹងផ្ដាច់ជំនួយសម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង ដោយសារមានមនុស្សមួយចំនួន ត្រូវបានរើសអើងយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


លោក Trump បានបង្ហោះសារលើបណ្ដាញសង្គម Truth Social ថា «នៅអាហ្វ្រិកខាងត្បូងពេលនេះ កំពុងមានករណីរឹបអូសយកដីធ្លី ហើយប្រជាជននៅទីនោះមួយចំនួនកំពុងត្រូវបានរើសអើងយ៉ាងធ្ងន់ធ្ងរ។ អាមេរិកនឹងមិនអោបដៃឈរមើលអំពើអយុត្តិធម៌ទាំងនេះឡើយ»។
មេដឹកនាំអាមេរិកបានសង្កត់ធ្ងន់ថា អាមេរិកនឹងកាត់ផ្ដាច់ជំនួយទាំងអស់សម្រាប់អាហ្វ្រិកខាងត្បូង រហូតដល់មានការស៊ើបអង្កេតជាក់លាក់ពីបញ្ហាមួយនេះ។
ស្ថានទូតអាហ្វ្រិកខាងត្បូងនៅទីក្រុង Washington D.C. មិនទាន់ចេញមុខបកស្រាយ ជុំវិញសំណើសុំការបំភ្លឹពីបញ្ហាមួយនេះឡើយ ដោយសារក្រៅម៉ោងការងារ។
សូមជម្រាបដែរថា កន្លងមកអាមេរិកតែងតែផ្ដល់ជំនួយហិរញ្ញវត្ថុរាប់រយលានដុល្លារ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង ហើយតាមរបាយការណ៍ចុងក្រោយបំផុតបង្ហាញដោយរដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា មហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក បានផ្ដល់ជំនួយ ៤៤០លានដុល្លារ សម្រាប់ប្រទេសក្នុងទ្វីបអាហ្វ្រិកមួយនេះកាលពីឆ្នាំ២០២៣៕
អត្ថបទ៖ Luffy រូបភាព៖ Reuters