ជើងហោះហើរដឹកជនអន្តោប្រវេសន៍ចេញពីអាមេរិក មានតម្លៃថ្លៃជាងសំបុត្រយន្តហោះ First Class ៥ដង

កាលពីថ្ងៃទី៣០ ខែមករា ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ជើងហោះហើរដឹកជនអន្តោប្រវេសន៍ ដែលប្រើប្រាស់យន្តហោះយោធាអាមេរិក ទៅកាន់ប្រទេស Guatemala មានតម្លៃថ្លៃជាងសំបុត្រកៅអី First Class នៃយន្តហោះធម្មតារហូតដល់ ៥ដងឯណោះ។

តាមដានជាមួយយើង៖ Million Times

ប្រភពដដែលបានឲ្យដឹងថា ថ្លៃធ្វើដំណើរសម្រាប់ជនអន្តោប្រវេសន៍ម្នាក់ តាមរយៈយន្តហោះយោធាអាមេរិក មានតម្លៃប្រហែល ៤ ៦៧៥ដុល្លារ ស្របពេលតម្លៃសំបុត្រកៅអី First Class នៃក្រុមហ៊ុនអាកាសចរណ៍អាមេរិក ធ្វើដំណើរចេញទីក្រុង El Paso រដ្ឋតិចសាស់ ជាមធ្យមមានតម្លៃប្រហែល ៨៥៣ដុល្លារ។

មន្ត្រីអាមេរិកម្នាក់បានប្រាប់ Reuters ក្នុងលក្ខខណ្ឌលាក់អត្តសញ្ញាណថា ថ្លៃចំណាយសម្រាប់យន្តហោះយោធា C-17 ដើម្បីដឹកជនអន្តោប្រវេសន៍ គឺប្រហែល ២៨ ៥០០ដុល្លារក្នុងមួយម៉ោង ហើយការហោះហើរទៅវិញទៅមករវាងអាមេរិក និង Guatemala ត្រូវចំណាយពេលពី ១០ ទៅ ១០ម៉ោងកន្លះ ដោយមិនរាប់បញ្ចូលពីពេលវេលានៃការហោះឡើង និងចុះចតឡើយ។

រីឯមន្ត្រី Guatemala ម្នាក់ក៏បានបង្ហើបប្រាប់ Reuters ដែរថា កាលពីថ្ងៃចន្ទ យន្តហោះយោធាអាមេរិកបានដឹកជនអន្តោប្រវេសន៍ ចំនួន ៦៤នាក់ និងបានចុះចតសម្រេចនៅក្នុងទឹកដីរបស់ខ្លួន។

គួររំលឹកបន្តិចថា ចាប់តាំងពីសប្ដាហ៍មុន លោក Donald Trump ប្រធានាធិបតីអាមេរិកបានប្រកាសគ្រាអាសន្នថ្នាក់ជាតិជុំវិញបញ្ហាអន្តោប្រវេសន៍ ដោយបានបញ្ជាឲ្យប្រើប្រាស់យន្តហោះយោធា ៦គ្រឿង ដើម្បីដឹកជញ្ជូនជនអន្តោប្រវេសន៍ទៅកាន់តំបន់អាមេរិកឡាទីន៕

អត្ថបទ៖ Luffy រូបភាព៖ Reuters