ខេត្តកំពង់ធំលែងគ្រាន់តែជាកន្លែងភ្ញៀវឆ្លងកាត់ ឬទៅហួសមកហួសដូចមុន

ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ មានគោលដៅលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន តាមរយៈការបង្កើនប្រាក់ចំណូល ការបង្កើតការងារ និងមុខរបរថ្មីបន្ថែមទៀត និងធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ចខេត្តកំពង់ធំ ក្រៅពីវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ខេត្តកំពង់ធំ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីបង្កើនតម្លៃបន្ថែម និងបន្ថែមសក្ដានុពលនៃការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងបរទេស។ លោកថា ផែនការនេះនឹងជួយធ្វើឱ្យខេត្តកំពង់ធំលែងគ្រាន់តែជាកន្លែងភ្ញៀវឆ្លងកាត់ ឬទៅហួសមកហួសដូចមុន ពោលគឺខេត្តកំពង់ធំនឹងក្លាយជាខេត្តគោលដៅកម្សាន្តអន្តរខេត្តទី១ មុននឹងទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំពេញ ឬជាខ្សែច្រវាក់គោលដៅទេសចរណ៍មួយ តាមទិសពីភ្នំពេញទៅសៀមរាប-អង្គរ ឬពីសៀមរាប-ភ្នំពេញ ឬក៏ភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀត។

តាមដានជាមួយយើង៖ Million Times

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក វង្សី វិស្សុត បានចង្អុលទិសដៅអាទិភាពរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ សម្រាប់អនុវត្តក្នុងរយៈពេល ៣ ឬ ៤ឆ្នាំ និងណែនាំឱ្យសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់សំបូរព្រៃគុក ដោយត្រូវថ្ពក់ជាមួយសហគមន៍ និងតំបន់សក្តានុពលទេសចរណ៍ជុំវិញផ្សេងទៀត ឱ្យក្លាយជាផែនការអភិវឌ្ឍន៍ពហុទេសចរណ៍។ ជាមួយគ្នានេះ ធ្វើការសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់ក្នុងក្រុងស្ទឹងសែន ឱ្យមានលក្ខណៈរស់រវើក និងកាន់តែទាក់ទាញបន្ថែម តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដូចជា៖ ផ្សាររាត្រី និងការជិះទូកគយគន់ទេសភាពជាដើម។ល។ 

ក្រៅពីនេះ ត្រូវរៀបចំឡើងវិញតំបន់ភ្នំសន្ទុកឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញខាងផ្នែកសាសនា, តំបន់ព្រៃប្រស់, សួនទឹកបឹងសំរិទ្ធ, តំបន់ព្រៃលិចទឹកបឹងទន្លេសាប និងតំបន់សហគមន៍ចន្ទី ព្រមទាំងសកម្មភាពទាក់ទាញមួយចំនួនទៀត ដូចជាការរៀបចំវត្តគំរូ, មជ្ឈមណ្ឌលវិបស្សនា និងការដាំដើមឈើជាដើម។ ក៏ប៉ុន្តែការរៀបចំផលិតផលទេសចរណ៍ទាំងនេះ ក៏ត្រូវភ្ជាប់ការគិតគូរដល់ទិដ្ឋភាពទេសចរណ៍សុខភាព (wellness tourism) និងគុណតម្លៃនៃវប្បធម៌ប្រពៃណី ស្ថានភាពធម្មជាតិរបស់សហគមន៍មូលដ្ឋានផងដែរ។

លោកក៏បានប្រាប់ឲ្យក្រុមការងារ និងអាជ្ញាធរខេត្ត យកទៅគិតគូរបន្ទាន់ចំពោះមុខ ដូចជាការរៀបចំមុខម្ហូបដែលមានរសជាតិឆ្ងាញ់ និងមុខទំនិញដែលប្លែក (ក្រៅពីចន្ទី) តែជាលក្ខណៈសម្គាល់ពិសេសសម្រាប់ខេត្តកំពង់ធំ សម្រាប់បម្រើ និងលក់ជូនភ្ញៀវ និងអ្នកដំណើរទូទៅដែលឆ្លងកាត់ និងការបណ្តុះបណ្តាល។ ក៏ប៉ុន្តែត្រូវយកចិត្តទុកដាក់ខ្ពស់ទៅដល់បញ្ហាតម្លៃ ភាពស្អាត គុណភាព និងអនាម័យ ព្រមទាំងសេវា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកទីស្តីការគណៈរដ្ឋមន្រ្តី