កម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ ដែលឡើងនាទឹកដីខេត្តសៀមរាប នៅស្ពានហាលប្រាសាទអង្គរវត្ត មានបេក្ខជនចូលរួមប្រកួត ១២២០អង្គ/នាក់ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ត្រូវបានចូលរួមអានអត្ថបទជូនបេក្ខេជនសរសេរ ក្នុងការប្រកួតសរសេរតាមអាន «សំណេរអង្គរ» ពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងរៀបចំយុវជន និងកីឡា។
លោក ហង់ជួន ណារ៉ុន លើកឡើងថា «សំណេរអង្គរ» លើកទី២ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងទទួលបានក្តីសាទរនិងចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងបុព្វហេតុលើកតម្កើងអក្សរសាស្ត្រខ្មែរ។


លោកថា ការជួបជុំគ្នានេះ មិនត្រឹមតែបង្ហាញពីជម្រៅបេះដូងរបស់យើងម្នាក់ៗចំពោះការចូលរួមថែរក្សា និងលើកស្ទួយអក្សរសាស្ត្រជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរសខ្មែរ និងការរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិតក្នុងការកសាង ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
ក្នុងឪកាសចូលជាសហអធិបតី ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី ថ្លែងបញ្ជាក់ថា «កម្មវិធីប្រកួតសរសេរតាមអាន «សំណេរអង្គរ» ត្រូវបានរៀបចំឡើងនៅទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រអច្ឆរិយរបស់កម្ពុជា ដែលបានសបញ្ជាក់ពីការផ្សារភ្ជាប់គ្នារវាងអត្តសញ្ញាណជាតិខ្មែរគ្រប់ប្រទេស និងគ្រប់ទម្រង់ ដែលសុទ្ធសឹងតែជាកេរដំណែលដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន បន្សល់ទុកពីបុព្វបុរសខ្មែរពីគ្រប់ជំនាន់»។

លោកបន្ថែមថា កម្មវិធីប្រកួតសរសេរតាមអានសាធារណៈ «សំណេរអង្គរ» ជាវេទិកាដ៏មានសារសំខាន់ដែលបានចូលរួមចំណែកក្នុងការលើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែមានតម្លៃ និងរស់រវើកក្នុងបរិបទសាកលភាវូបនីយកម្ម និងការរីកចម្រើននៃបច្ចេកវិទ្យា និងបរិវត្តន៍ឧស្សាហកម្ម 4.0 ជាដើម។
គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី២នេះ មានបេក្ខជន សរុបចំនួន ១ ២២០អង្គ/នាក់ ដែលក្នុងនោះរួមមានបរទេសផងដែរ និងមានព្រះសង្ឃ ៨២អង្គ និមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេចំនួន២៤អង្គ, សៀមរាប១៦អង្គ, បន្ទាយមានជ័យ៩អង្គ,រាជធានីភ្នំពេញ៦អង្គ, កំពង់ចាម៥អង្គ កណ្ដាល និងត្បូងឃ្មុំ៤អង្គដូចគ្នា។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេអាយុ ៦ឆ្នាំ។ ការប្រកួតនេះ មានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន៦០នាក់ ដោយជ្រើសរើសម្ចាស់ជ័យលាភីចំនួន ៦នាក់ ដែល ៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៩ឆ្នាំឡើង និង៣នាក់សម្រាប់បេក្ខជនអាយុចាប់ពី១៨ឆ្នាំចុះក្រោម៕





អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេករដ្ឋមន្រ្តីក្រសួងអប់រំ