រុស្ស៊ី​នឹង​បញ្ចប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​អឺរ៉ុប​តាម​រយៈ​អ៊ុយក្រែន ដែលធ្វើឲ្យខាតលុយរាប់ពាន់លាន

ប្រទេសរុស្ស៊ីចាប់ផ្តើមកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែន ខណៈដែលកិច្ចព្រមព្រៀងមុនសង្គ្រាមរយៈពេល ៥ឆ្នាំផុតកំណត់នៅថ្ងៃចូលឆ្នាំសកល។

សារព័ត៌មាន Euro News ចុះផ្សាយថា ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុបតាមរយៈអ៊ុយក្រែនត្រូវបានកំណត់ថានឹងបញ្ចប់នៅថ្ងៃដំបូងនៃឆ្នាំ២០២៥។ ប្រតិបត្តិករដឹកជញ្ជូនឧស្ម័នរបស់អ៊ុយក្រែននិយាយថា ប្រទេសរុស្ស៊ីមិនបានបញ្ជាក់ពីការបន្តកុងត្រាបញ្ជូនឧស្ម័នណាមួយតាមរយៈបំពង់បង្ហូរអ៊ុយក្រែនសម្រាប់ថ្ងៃទី១ ខែមករានោះទេ។

តាមដានជាមួយយើង៖ Million Times

ការមិនជូនដំណឹងបន្តកុងត្រា គឺជាការបញ្ចប់នៃកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំដែលបានប្រកាសនៅឆ្នាំ២០១៩ រវាងប្រទេសទាំងពីរដែលកំពុងមានសង្រ្គាម ក្នុងការអនុញ្ញាតឱ្យការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់ទីក្រុងម៉ូស្គូទៅកាន់ទ្វីបអ៉ឺរ៉ុបឆ្លងកាត់ប្រទេសអ៊ុយក្រែន។ កិច្ច​ព្រម​ព្រៀង​នេះ​វិមាន​ក្រឹមឡាំងទទួល​បាន​ប្រាក់​ចំណេញ​យ៉ាង​ច្រើនសន្ធឹក ខណៈដែលក្រុង​កៀវទទួលបាន​ថ្លៃ​ដឹក​ជញ្ជូន។

ការសម្រេចចិត្តនេះបានកើតឡើងនៅពេលប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានប្រកាសថា លោកមិនមានគម្រោងបន្តកិច្ចព្រមព្រៀងនេះទេ។ លោកសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមានសារៈសំខាន់ក្នុងការអនុញ្ញាតឱ្យអឺរ៉ុបបន្តពីរុស្ស៊ី ហើយមិនអនុញ្ញាតឱ្យវិមានក្រឹមឡាំងរកប្រាក់បានរាប់ពាន់លានបន្ថែមលើឈាមអ៊ុយក្រែន។

សហភាពអឺរ៉ុបបាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២៣។ តួលេខដែលចេញផ្សាយដោយទីក្រុងព្រុចសែលបង្ហាញថា ឧស្ម័នរបស់រុស្ស៊ីមានប្រហែល ៨% នៃការនាំចូលឧស្ម័នសរុបរបស់តំបន់ក្នុងឆ្នាំ២០២៣។ ផ្ទុយទៅវិញ តួលេខនោះគឺ លើសពី ៤០% ក្នុងឆ្នាំ២០២១។ បច្ចុប្បន្នតំបន់នេះបានស្វែងរកប្រភពថាមពលជំនួសនៅកាតា និងសហរដ្ឋអាមេរិក។

ទោះបីជាទីក្រុងប្រ៊ុចសែលបានកាត់បន្ថយការនាំចូលឧស្ម័នពីរុស្ស៊ីក៏ដោយ ក៏រដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគខាងកើតមួយចំនួននៅតែពឹងផ្អែកយ៉ាងធំធេងលើរុស្សុី។ ដូចជា ប្រទេសអូទ្រីស និងស្លូវ៉ាគី នៅតែនាំចូលឧស្ម័នពីរុស្ស៊ីយ៉ាងច្រើន ដែលស្មើនឹងប្រាក់ចំណូលប្រហែល ៥ពាន់លានអឺរ៉ូសម្រាប់ទីក្រុងម៉ូស្គូ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP