ក្រុមអ្នកស៊ើបអង្កេតស្វែងរកចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងជុំវិញការប្រកាសច្បាប់អាជ្ញាសឹក

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងកំពុងស្វែងរកដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីដើមខែធ្នូ។

ក្រុមស៊ើបអង្កេតរួមមួយ តាមរយៈសេចក្តីរាយការណ៍បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានស្វែងរកដីកាស្តីពីការប៉ះបោរ និងរំលោភអំណាច បន្ទាប់ពីលោក Yoon មិនអើពើនឹងការកោះហៅចំនួនបីដង ដើម្បីបង្ហាញខ្លួន។

តាមដានជាមួយយើង៖ Million Times

យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង ប្រសិនបើប្រធានាធិបតីដែលកំពុងកាន់អំណាចត្រូវបានចោទប្រកាន់ពីបទបះបោរ ប៉ូលិសមានសិទ្ធិអំណាចក្នុងការចាប់ខ្លួន។ តុលាការនឹងសម្រេចថា តើត្រូវចេញដីកាចាប់ខ្លួនលោក Yoon ឬយ៉ាងណានោះទេ ប្រសិនបើផែនការនេះអាចទៅរួចវានឹងកត់ត្រាការចាប់ខ្លួនប្រធានាធិបតីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង។

លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃទី៣ ខែធ្នូ។ ប្រធានាធិបតីរូបនេះនិយាយថា វិធានការនេះគឺចាំបាច់ដោយសារតែសកម្មភាពរបស់គណបក្សប្រឆាំងសេរីរបស់ប្រទេស គឺគណបក្សប្រជាធិបតេយ្យដែលលោកបានចោទថា បានគ្រប់គ្រងសភាដែលគាំទ្រដល់កូរ៉េខាងជើង និងធ្វើឱ្យរដ្ឋាភិបាលធ្លាក់ក្នុងវិបត្តិ។

ចំណាត់ការនេះបានបង្កឱ្យមានការតវ៉ា ហើយប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសនេះ រដ្ឋសភាបោះឆ្នោតទាមទារឱ្យប្រធានាធិបតីដកបទបញ្ជាច្បាប់អាជ្ញាសឹក។ សភាភាគច្រើនមានចំនួន ១៩០នាក់ដែលមានវត្តមានក្នុងចំណោម ៣០០នាក់ បានបោះឆ្នោតលុបចោលក្រឹត្យនេះ ដោយតម្រូវឱ្យដកចេញក្រោមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង។

បន្ទាប់ពីការបោះឆ្នោតរបស់រដ្ឋសភា លោក Yoon បាននិយាយថា លោកដកកងទ័ពដែលត្រូវបានដាក់ពង្រាយ ដើម្បីអនុវត្តច្បាប់អាជ្ញាសឹក ហើយនឹងលុបចោលច្បាប់អាជ្ញាសឹកភ្លាមៗ នៅពេលដែលមានកូរ៉ុមនៅក្នុងគណៈរដ្ឋមន្ត្រី។ បន្ទាប់មក ក្រុមប្រឹក្សារដ្ឋបានកោះប្រជុំបោះឆ្នោតគាំទ្រជាផ្លូវការ។

គណបក្សប្រជាធិបតេយ្យរបស់ប្រទេសនេះបានអំពាវនាវឱ្យលោក Yoon លាលែងពីតំណែង បន្ទាប់ពីលោកប្រកាសច្បាប់អាជ្ញាសឹក។ លោក Yoon ត្រូវបានព្យួរពីតំណែងចាប់តាំងពីថ្ងៃទី១៤ ខែធ្នូនៅពេលដែលរដ្ឋសភាបោះឆ្នោតចោទប្រកាន់មកលើលោកក្នុងសម្លេង ២០៤ លើ៨៥សំឡេង។

ទោះយ៉ាងណាក៏ដោយ លោក Yoon បានប្តេជ្ញាថានឹង «ប្រយុទ្ធរហូតដល់វិនាទីចុងក្រោយ» ហើយបាននិយាយថាលោកមិនដែលមានបំណងធ្វើឲ្យប៉ះពាល់ដល់បទបញ្ជារដ្ឋធម្មនុញ្ញ នៅពេលលោកបានបញ្ជាឱ្យទាហានរាប់រយនាក់ចូលទៅក្នុងរដ្ឋសភានៅថ្ងៃទី៣ ខែធ្នូនោះឡើយ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters