អាជ្ញាធរតៃវ៉ាន់រារាំង Uber ទិញក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda ក្នុងតម្លៃ ៩៥០លានដុល្លារ

គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កោះតៃវ៉ាន់ (FTC) បានសម្រេចចិត្តរារាំងការទិញយកក្រុមហ៊ុនដឹកជញ្ជូនអាហារ Foodpanda ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមេ Delivery Hero ពីក្រុមហ៊ុនអាមេរិក Uber ក្នុងតម្លៃ ៩៥០លានដុល្លារ ក្រោយមានការព្រួយបារម្ភពីការល្មើសច្បាប់ប្រកួតប្រជែង។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Delivery Hero បានផ្ដល់បន្ទុកមួយនេះឲ្យក្រុមហ៊ុន Uber ជាអ្នកដោះស្រាយ ពោលក្រុមហ៊ុនអាមេរិកអាចប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់ FTC ឬពួកគេអាចលុបចោលនូវកិច្ចព្រមព្រៀងទិញក្រុមហ៊ុន Foodpanda តែម្ដង។

ដោយឡែក FTC ក៏បានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា ផលអវិជ្ជមានដែលទទួលបាន ពីកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Uber និង Foodpanda គឺមានច្រើនលើសពីផលចំណេញ ហើយវាអាចជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុងស្រុកថែមទៀត ជាពិសេសគឺស្ថានភាពទីផ្សារប្រកួតប្រជែង ក្នុងវិស័យដឹកជញ្ជូនអាហារ នឹងកាន់តែប្រឈមហានិភ័យ។

សូមជម្រាបដែរថា ក្រុមហ៊ុន Uber និងក្រុមហ៊ុន Foodpanda សុទ្ធសឹងតែជាស្ដេចត្រាញ់ក្នុងវិស័យដឹកម្ហូបអាហារ នៅកោះតៃវ៉ាន់ ហើយបើសិនជាក្រុមហ៊ុនទាំង២ រួមបញ្ចូលគ្នា ពួកគេនឹងក្ដោបក្ដាប់ចំណែកទីផ្សារសរុបច្រើនជាង ៩០%។

ហេតុផលនេះហើយទើបបានជា FTC មានការរារែក មិនព្រមបើកដៃឲ្យក្រុមហ៊ុន Uber ទិញ Foodpanda ដ្បិតបារម្ភថា អាជីវកម្មខ្នាតតូចដែលរកស៊ីក្នុងវិស័យដូចគ្នា ពិបាកប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សមួយនេះ៕

អត្ថបទ៖ Luffy រូបភាព៖ Forbes