នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ក្តីសម្រេចផ្តន្ទាទោសឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា ដាក់ពន្ធនាគារជាអតិបរមាតាមច្បាប់ ដែលសរុបទាំង ៣ សំណុំរឿង មានរហូតដល់ទៅ ៣១ ឆ្នាំ ហើយបានសម្រេចផ្តល់សំណងជំងឺចិត្តដល់គ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន ១ លានដុល្លារ ក្នុងមួយគ្រួសារ អ្នករងរបួសធ្ងន់ចំនួន ៣០ ម៉ឺនដុល្លារ និងអ្នករងគ្រោះស្រាលចំនួន ២០ ម៉ឺនដុល្លារ។
ការកាត់ទោសលើសំណុំរឿងឈ្មោះ ស្រី ស៊ីណា នាពេលនេះ ត្រូវបានសម្តេច ហ៊ុន ម៉ាណែត ថ្លែងថា សំណុំរឿងបាញ់ប្រហារប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា ជាករណីដំបូងហើយ ដែលសំណងទឹកប្រាក់ មានដល់ ២លានដុល្លារ។ ការគូសបញ្ជាក់បែបនេះក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ដើមយ៉ាងដូច្នេះថា៖ «ជាការសោកស្ដាយរឿងបាត់បង់ជីវិត រឿងលុយមិនអាចយកអាយុជីវិតមនុស្សមកវិញបានទេ ប៉ុន្តែអ្វីនៃការកាត់ក្ដីនេះ គឺបង្ហាញអំពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ត្រឹមត្រូវ ជាពិសេសទោះបីជាងារជាឧកញ៉ាក៏ដោយ ក៏នៅតែទទួលខុសត្រូវ»។
ករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា បានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ដែលថ្កោលទោសយ៉ាងខ្លាំងចំពោះឃាតកម្មដ៏សាហាវឃោរឃៅនេះ។ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌ ដែលតុលាការ មិនត្រឹមតែសម្រេចដាក់ទោសពន្ធនាគារជាអតិបរមាតាមការកំណត់នៃច្បាប់នោះទេ ប៉ុន្តែ ថែមទាំងបានសម្រេចអំពីសំណងដល់គ្រួសារនៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរហូតដល់ ១ លានដុល្លារ ក្នុងមួយគ្រួសារ។
លោកថ្លែងថា៖ «ខ្ញុំគិតថា មានគោលការណ៍សំខាន់យ៉ាងតិចពីរ ដែលតុលាការបានប្រើក្នុងការសម្រេចសេចក្តីនេះ គឺ ៖ (ទី១). “គោលការណ៍យុត្តិធម៌តាមច្បាប់” ដែលតុលាការ ត្រូវប្រកាន់ភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ប៉ុន្តែ ភាពម៉ឺងម៉ាត់នេះ ត្រូវគោរពទៅតាមអ្វីដែលច្បាប់ជាធរមានបានកំណត់ ដើម្បីផ្តល់យុត្តិធម៌តាមច្បាប់ជូនដល់ជនរងគ្រោះ និង (ទី២). “គោលការណ៍សមទណ្ឌោ” ក្នុងការសម្រេចសេចក្តី ទាំងលើការផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមា ទាំងលើការសងសំណងជំងឺចិត្ត ១ លានដុល្លារ ដែលជាសំណងដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិនៃការកាត់ក្តីទាក់ទងនឹងរឿងឃាតកម្ម។
លោកថា សំណងដល់ ១ លានដុល្លារនេះ មិនអាចដោះដូរនឹងតម្លៃនៃអាយុជីវិតមិនអាចកាត់ថ្លៃបានរបស់យុវជនទាំងពីររូប ដែលត្រូវសម្លាប់យ៉ាងឃោរឃៅនៅក្នុងករណីឃាតកម្មដ៏សាហាវនេះឡើយ ប៉ុន្តែ នេះ ជាអ្វីដែល “យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន” អាចធ្វើបាន ដើម្បីជាសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និងអ្នករងគ្រោះ បន្ថែមពីលើអ្វីដែលជាការផ្តន្តាទោសដាក់ពន្ធនាគារ។ ផ្អែកតាម “គោលការណ៍សមទណ្ឌោ” ផ្នែកនៃការសម្រេចអំពីសំណងនេះ គឺ សក្តិសមជាទីបំផុតសម្រាប់ឧកញ៉ាមានលុយ ដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និងបានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី