ក្រុមហ៊ុន Alibaba Group Holding សុខចិត្តទទួលយកការខាតបង់ ៩,៣ពាន់លានយ៉ន់ ឬប្រមាណ ១,៣ពាន់លានដុល្លារ ពីការលក់ហាងទំនិញលក់រាយ Intime ដែលខ្លួនបានបណ្ដាក់ទុនតាំងពីឆ្នាំ២០១៤ រហូតមានភាគហ៊ុនដល់ ៩៩%។


ទីភ្នាក់ងារសារព័ត៌មាន SCMP បានចុះផ្សាយថា ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ បានលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Intime ទាំងស្រុង ទៅកាន់ក្រុមសម្ព័ន្ធអ្នកទិញរួមមានក្រុមហ៊ុន Yongor Group និងសមាជិកនៃក្រុមគ្រប់គ្រងរបស់ក្រុមហ៊ុន Intime។
តម្លៃនៃកិច្ចព្រមព្រៀងទិញលក់នេះ គឺមានចំនួន ៧,៤ពាន់លានយ៉ន់ តិចជាងពាក់កណ្ដាលនៃទំហំទឹកប្រាក់ ដែលក្រុមហ៊ុន Alibaba បានចាយ អំឡុងពេលវិនិយោគក្នុងហាងលក់ទំនិញរាយ Intime។
មូលហេតុដែល Alibaba សម្រេចចិត្តលក់ក្រុមហ៊ុនទាំងខាតបែបនេះ គឺដោយសារក្រុមហ៊ុនមានយុទ្ធសាស្ត្រថ្មី ដោយផ្ដោតសំខាន់តែលើអាជីវកម្មអនឡាញរបស់ខ្លួនមួយមុខគត់។
ចាប់តាំងពីឆ្នាំមុនមក ក្រុមហ៊ុន Alibaba ផ្ដោតសំខាន់ និងបន្តចាក់លុយវិនិយោគកាន់តែច្រើន នៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មគ្រប់គ្រងទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត ដែលពួកគេយល់ថា វិស័យទាំងនេះនឹងជួយដល់ការរកចំណូលរបស់ក្រុមហ៊ុនបានយូរអង្វែង៕
អត្ថបទ៖ Luffy រូបភាព៖ Finance Asia