នាវាទេសចរណ៍១ គ្រឿងឈ្មោះ AIDA STELLA របស់អ៊ីតាលី បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុម៉ោង ៦៖ ៣០ ព្រឹកនេះ និងនាំភ្ញៀវទេសចរ ២ ១២៦ នាក់ ក្នុងនោះស្រី ១ ១០១នាក់ ដែលមាន ៣៦ សញ្ជាតិ ហើយមាននាវិក ៦៣១ នាក់ ស្រី ១ ២៩នាក់ និង ២៦ សញ្ជាតិផ្សេងគ្នា។


នាវា AIDA STELLA មានប្រវែងបណ្ដោយ ២៥៣,៣០ម៉ែត្រ ទទឹងប្រវែង ៣២,២០ ម៉ែត្រ មានជម្រៅទឹក ៧,៣០ ម៉ែត្រ។ ក្នុងនាវាដ៏ធំសម្បើមមានជនជាតិអាល្លឺម៉ង់ច្រើនជាងគេរហូត ១៧៥៩នាក់ ស្វីស ១០៥ នាក់ និងអូទ្រីស ៦៩នាក់។
AIDA STELLA បានចេញពីប្រទេសវៀតណាម និងចូលមកប្រទេសកម្ពុជា រួចក៏បន្តដំណើរ ត្រឡប់ទៅប្រទេសថៃវិញនៅ១៩ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១៨៖០០ នាទីថ្ងៃដដែលនេះ។ ចំណែកគោលដៅភ្ញៀវទេសចរទៅទស្សនាមានរមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម ផ្សារលើ និងផែនេសាទទំនប់រលកជាដើម។
ប្រធានមន្ទីរទេសចរខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរចូលតាមផ្លូវទឹក មានការកើនឡើងខ្ពស់ តាមរយៈនាវាទេសចរណ៍ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុជាបន្តបន្ទាប់៕






អត្ថបទ៖ មេរ៉ា, មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ