ឯកអគ្គរដ្ឋទូតចិនចេញមុខមកបញ្ជាក់ថា ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា ហើយរាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។ ការចេញមកបញ្ជាក់យ៉ាងដូច្នេះបន្ទាប់ពីនៅលើបណ្តាញសង្គមមួយរយៈនេះបានចែកចាយព័ត៌មានថាចិនឈប់ឲ្យកម្ពុជាខ្ចីលុយ។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីយប់ថ្ងៃទី១៧ ខែធ្នូថា ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក ហើយគម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។
លោកបញ្ជាក់ថា «ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន»។ លោកបានសង្កត់ធ្ងន់ថា រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។


ពាក់ព័ន្ធនឹងរឿងនេះដែល លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបដិសេធរឿងដែលថារដ្ឋាភិបាលចិន ឈប់ឲ្យប្រទេសកម្ពុជាខ្ចីតទៅទៀតនោះ ថាជាព័ត៌មានមិនពិត ខណៈរដ្ឋាភិបាលនៃប្រទេសទាំងពីរគ្រោងនឹងធ្វើការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ជាច្រើននាពេលខាងមុខនេះ។
លោកថា ទំនាក់ទំនងទាំងពីរ គឺជាទំនាក់ទំនងដែលបន្តមានការស្អិតល្មួត មានការពង្រឹងតាមរយៈការវិនិយោគ និងកិច្ចសហប្រតិបត្តិការនានាដែលមាននៅជាធរមាន។
គួរឲ្យដឹងថា ប្រទេសកម្ពុជា មានបំណុលសាធារណៈសរុបចំនួន ១១៧៨ប៊ីលានដុល្លារ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ក្នុងនោះ ចិន គឺជាប្រទេសដែលឲ្យខ្ចីច្រើនជាងគេ គឺមានចំនួនជាង ៤ពាន់លានដុល្លារ។ បំណុលទាំងនេះត្រូវបានរដ្ឋាភិបាលយកមកវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម