ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន ប្រទេសចិន រយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។
ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តបតាមការអញ្ជើញពីភាគីចិន ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ដហៃណាន ប្រទេសចិន រយៈពេល ៣ថ្ងៃ អមដំណើរដោយសម្តេច គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។


ក្នុងព្រះរាជដំណើរទស្សនកិច្ចនេះ ព្រះមហាក្សត្រ នឹងព្រះសវនាដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជាដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃ ផងដែរ។
ក្រសួងការបទេសកម្ពុជាបញ្ជាក់ថា ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ យាងទៅកាន់ខេត្តហៃណាន នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទរវាងប្រជាជននិងប្រជាជន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ