សម្ដេច ហ៊ុន សែន ជួបពិភាក្សាជាមួយលោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភានៃអារ៉ាប៊ីសាអូឌីត កាលពីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ។ សម្តេចប្រាប់ភាគីអារ៉ាប៊ីសាអូឌីតឲ្យដឹងថា ទស្សនកិច្ចពេលនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរណ៍ និងកីឡា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។
សម្តេចបានថ្លែងស្នើដល់ប្រធានសភាអារ៉ាប៊ីសាអូឌីតថា «ប្រទេសយើងទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល តាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជាមានប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវ»។ ទន្ទឹមនឹងនោះ សម្តេចបានស្នើប្រធានសភា ជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។ សម្តេចបានបន្ថែមថា មិនមានប្រទេសច្រើនផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់ដូចនេះទេ។
សម្តេចមានប្រសាសន៍ថា៖ «អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង។ ប្រទេសយើងទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក»។
ស្ថិតក្នុងជំនួបដដែលនោះ ប្រធានសភាអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា ការលើកឡើងនេះរបស់សម្តេចមានសារៈសំខាន់ណាស់ ហើយលោកនឹងយកចិត្តទុកដាក់ និងយកទៅពិចារណា។ លោកលើកឡើងថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូត នៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការបើកស្ថានទូតទូតនេះ នឹងបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសប្រទេសទាំងពីរ។
លោកបានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់សេដ្ឋកិច្ច និងសាសនា និង ការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេស វិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់ អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមានទំនាក់ទនងជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការផ្សាភ្ជាប់វិស័យសេដ្ឋកិច្ច៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ