ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសកាលពីថ្ងៃពុធ ទី០៤ ខែធ្នូថា លោកនឹងតែងតាំងអតីតទីប្រឹក្សាសេតវិមាន Peter Navarro ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល ៤ខែ ពាក់ព័ន្ធនឹងការវាយប្រហារលើរដ្ឋធានីអាមេរិកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឡើងកាន់តំណែងជាទីប្រឹក្សាជាន់ខ្ពស់។


ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា លោក Navarro ដែលធ្លាប់កាន់តំណែងជាទីប្រឹក្សាពាណិជ្ជកម្ម ក្នុងអាណត្តិដំបូងរបស់លោកត្រាំ នឹងទទួលបានការតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម សម្រាប់រដ្ឋបាលលោក Trump ក្នុងអាណត្តិថ្មី។
សេដ្ឋកិច្ចវិទូវ័យ ៧៥ឆ្នាំរូបនេះ គឺត្រូវបានគេស្គាល់ថា ជាអ្នករិះគន់មិនសំចៃមាត់ ចំពោះការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មរវាងអាមេរិក និងចិន ហើយក៏ជាបុគ្គលសំខាន់មួយរូប ជំរុញឲ្យលោក Trump ដាក់គំនាបទារពន្ធខ្លាំងក្លាលើចិន កាលពីអាណត្តិដំបូងរបស់លោកផងដែរ។
បន្ថែមពីនោះ លោក Navarro ក៏ជាមនុស្សមាត់ឆៅដូចគ្នា ពោលកាលពីឆ្នាំ២០១៨ លោក Trump ធ្លាប់មានទំនាស់ពាក្យសម្ដីជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ហើយអតីតទីប្រឹក្សារូបនេះ បាននិយាយថា គ្រប់មេដឹកនាំដែលមិនជឿលើគោលនយោបាយលោក Trump តែងតែព្យាយាមលួចចាក់ពីក្រោយខ្នង ហើយពួកគេច្បាស់ជាធ្លាក់នរក។ ការលើកឡើងរបស់លោក Navarro បានធ្វើឲ្យកាណដាក្ដៅស្លឹកត្រចៀក តែក្រោយមកមនុស្សជំនិតរបស់លោក Trump រូបនេះ ក៏បានចេញមុខសុំទោសជាសាធារណៈ៕
អត្ថបទ៖ Luffy រូបភាព៖ Fortune