សភាបារាំងរួមគ្នាបោះឆ្នោតផ្ដួលរលំរដ្ឋាភិបាលនាយករដ្ឋមន្ត្រី Michel Barnier

នាយករដ្ឋមន្ត្រីបារាំង Michel Barnier នឹងត្រូវបង្ខំឲ្យចុះចេញពីតំណែង ក្រោយដឹកនាំបានត្រឹមរយៈពេល ៣ខែ បន្ទាប់ពីសមាជិកសភាពីគណបក្សឆ្វេងនិយម និងស្ដាំនិយម រួបរួមគ្នាបោះឆ្នោតផ្ដួលរលំរដ្ឋាភិបាលរបស់លោក។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា សមាជិកសភាបារាំង បានជំនុំបោះឆ្នោតដកសេចក្ដីទុកចិត្ត ពីរដ្ឋាភិបាលរបស់លោក Barnier កាលពីយប់ថ្ងៃពុធ ទី០៤ ខែធ្នូ ក្រោយនាយករដ្ឋមន្ត្រីរូបនេះ បានប្រើអំណាចពិសេសដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តកញ្ចប់ថវិកា ដែលមិនចាំបាច់ឆ្លងកាត់ការសម្រេចចុងក្រោយពីសភា។

លោក Michel Barnier គឺជានាយករដ្ឋមន្ត្រីបារាំងតែម្នាក់គត់ ដែលបានបរាជ័យក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ក្នុងប្រវត្តិសាស្ត្របារាំងតាំងពីឆ្នាំ១៩៦២ និងជានាយករដ្ឋមន្ត្រីកាន់អំណាចបានខ្លីបំផុត។ លទ្ធផលនៃការបោះឆ្នោតនោះគឺ ៣១១សម្លេង ក្នុងចំណោមសមាជិក ៥៧៧រូប ទាមទារឲ្យមានការផ្ដួលរលំរដ្ឋាភិបាល ហើយលោក Barnier ត្រូវបានរំពឹងថា នឹងដាក់លិខិតលាលែងពីការងារនៅថ្ងៃទី០៥ ខែធ្នូ។

ក្រោយពេលនាយករដ្ឋមន្ត្រីរូបនេះចុះចេញពីតំណែង ប្រធានាធិបតីបារាំង Emmanuel Macron នឹងគ្រប់គ្រងលើរដ្ឋាភិបាលបារាំងទាំងស្រុង រហូតដល់មានការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។

សូមជម្រាបដែរថា នៅក្នុងឆ្នាំ២០២៤ ប្រទេសបារាំងបានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីចំនួន ៣រូបហើយ គឺមានដូចជា លោកស្រី Elisabeth Borne ចុះចេញពីតំណែងនៅថ្ងៃទី០៩ ខែមករា ដោយមានលោក Gabriel Attal ចូលបន្តតួនាទីបានរយៈពេល ២៤០ថ្ងៃ និងបានលាលែងនៅថ្ងៃទី០៥ ខែកញ្ញា និងចុងក្រោយគឺលោក Michel Barnier ដែលកាន់អំណាចត្រឹម ៩០ថ្ងៃ ហើយកំពុងត្រូវបានបង្ខំឲ្យចុះចេញពីកៅអីនាយករដ្ឋមន្ត្រីថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ CNN