បំណុលពិភពលោក កើនដល់ចំណុចបំបែកកំណត់ត្រាថ្មី ៣២៣ទ្រីលានដុល្លារ

ក្នុងរយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំ២០២៤ បំណុលពិភពលោកបានបន្តកើនឡើងជាលំដាប់ ហើយបានឈានដល់ចំណុចបំបែកកំណត់ត្រាថ្មី ប្រមាណ ៣២៣ទ្រីលានដុល្លារ ជំរុញដោយការកើនឡើងពីហានិភ័យសេដ្ឋកិច្ច។

របាយការណ៍បញ្ចេញដោយវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បានឲ្យដឹងថា បំណុលពិភពលោកនឹងនៅតែបន្តកើនឡើងបន្ថែមទៀត ពោលផែនការកាត់បន្ថយឧស្ម័នពុល ដែលក្រុមមហាអំណាចកំពុងរៀបចំអនុវត្ត នឹងបង្កើនបំណុលថែម ៣៨ទ្រីលានដុល្លារទៀតក្នុងឆ្នាំ២០២៨។

តាមដានជាមួយយើង៖ Million Times

បច្ចុប្បន្ន ប្រទេសដែលមានបំណុលច្រើនបំផុតគឺសហរដ្ឋអាមេរិក ប្រមាណ ៣៤,៥ទ្រីលានដុល្លារ តាមពីក្រោយដោយចក្រភពអង់គ្លេស មានបំណុល ៩,៨២ទ្រីលានដុល្លារ និងបារាំងមាន ៧,៨១ទ្រីលានដុល្លារ។ ចំណែកឯប្រទេសចិន ជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅអាស៊ី និងធំបំផុតទី២លើលោក មានបំណុលជាប់ខ្លួន ២,៤៥ទ្រីលានដុល្លារ។

ចំពោះមូលហេតុដែលអាមេរិកមានបំណុលច្រើនដាច់គេលើលោក គឺដោយសារការចំណាយរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក មានច្រើនលើសលុបពីប្រាក់ចំណូលរបស់ខ្លួន គួបផ្សំការកើនឡើងនៃថ្លៃចាយវាយ និងបញ្ហាធំៗដែលធ្លាប់កើតមានដូចជា សង្គ្រាមនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន បញ្ហាហិរញ្ញវត្ថុឆ្នាំ២០០៨ និងការរាតត្បាតជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ផង បណ្ដាលឲ្យបំណុលអាមេរិកកើនឡើងជាលំដាប់៕

អត្ថបទ៖ Luffy រូបភាព៖ IIF