ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកាថា លោកមានក្ដីសង្ឃឹមថា លោក Donald Trump នឹងពិចារណាម្ដងទៀត អំពីផែនការតំឡើងពន្ធនាំចូលទំនិញពីប្រទេសម៉ិកស៊ិក និងកាណាដា ដ្បិតផែនការមួយនេះ នឹងអាចធ្វើឲ្យសម្ព័ន្ធមិត្តជាមួយប្រទេសទាំង២ ជួបភាពល្អក់កករ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។
លោក Biden បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា៖ ខ្ញុំសង្ឃឹមថាគាត់នឹងពិចារណាវាម្ដងទៀត ព្រោះវាជារឿងដែលត្រូវធ្វើ។ ស្ថានភាពនៅអាមេរិកកំពុងមានភាពមិនប្រក្រតី ដោយយើងត្រូវបានហុំព័ទ្ធដោយមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក ក៏ដូចជាសម្ព័ន្ធមិត្តធំៗចំនួន២ គឺកាណាដា និងម៉ិកស៊ិក។ ដូច្នេះរឿងដែលយើងមិនគួរធ្វើ គឺបំផ្លាញទំនាក់ទំនងជាមួយប្រទេសទាំង២នោះ។
គួររំលឹកបន្តិចថា កាលពីដើមសប្ដាហ៍នេះ លោក Trump បានព្រមានតំឡើងពន្ធនាំចូលទំនិញពីប្រទេសម៉ិកស៊ិក និងកាណាដា រហូតដល់មានការទប់ស្កាត់លំហូរចូលនៃគ្រឿងញៀន ក្នុងទឹកដីអាមេរិកពីប្រទេសទាំង២។
ជាការឆ្លើយតប ប្រធានាធិបតីម៉ិកស៊ិក អ្នកស្រី Claudia Sheinbaum បានអះអាងថា បើសិនជាអាមេរិកពិតជាតំឡើងពន្ធទំនិញពីម៉ិកស៊ិកមែន នោះលោកស្រីក៏នឹងចេញវិធានការតំឡើងពន្ធពីអាមេរិកវិញដូចគ្នា។
សូមជម្រាបដែរថា អាមេរិក កាណាដា និងម៉ិកស៊ិក គឺជាដៃគូពាណិជ្ជកម្មសេរីត្រីភាគី និងមានសម្ព័ន្ធភាពយូរណាស់មកហើយ។ ប្រទេសទាំង៣ បានចុះកិច្ចព្រមព្រៀង USMCA កាលពីឆ្នាំ២០២០ អនុញ្ញាតឲ្យពួកគេ អាចគាំទ្រដល់ពាណិជ្ជកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក ធ្វើឱ្យមានទីផ្សារសេរី ការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំនៅអាមេរិកខាងជើង៕
អត្ថបទ៖ Luffy រូបភាព៖ CNN