ព្រះរាជអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងស្វែងរកដីកាតាមចាប់ខ្លួនលោក Min Aung Hliang មេទ័ពយោធា និងជាប្រមុខដឹកនាំប្រទេសមីយ៉ាន់ម៉ា ទាក់ទងនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដោយការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចមូស្លីម។
សារព័ត៌មាន Reuters បានចុះផ្សាយថា កងទ័ពយោធាដែលកំពុងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា បានច្រានចោលនូវការអះអាងរបស់ ICC ដ្បិតប្រទេសនៅអាស៊ាននេះមិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហើយក៏មិនទទួលស្គាល់នូវអំណះអំណាងនោះដូចគ្នា។
តាមរបាយការណ៍ទទួលបានពីការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា ចាប់តាំងពីមានការធ្វើរដ្ឋប្រហារកាលពីខែសីហា ឆ្នាំ២០១៧ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់លាននាក់ បានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ឆ្លងដែនចូលទៅប្រទេសបង់ក្លាដែស ដែលជាប់ព្រំប្រទល់ជាមួយគ្នា។
ការរត់ភៀសខ្លួនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ត្រូវបាន ICC អះអាងថា កើតឡើងពីការធ្វើទុក្ខបុកម្នេញពីកងយោធាមីយ៉ាន់ម៉ា ខណៈរដ្ឋាភិបាលច្រានចោលការចោទប្រកាន់មួយនេះ ដោយឆ្លើយតបវិញថា កងយោធាគ្រាន់តែធ្វើតាមការបញ្ជា និងធ្វើប្រតិបត្តិការទៅលើក្រុមឧទ្ទាមវាយប្រហារលើខ្លួនមុនប៉ុណ្ណោះ ពោលមិនបានវាយប្រហារលើពលរដ្ឋស្លូតត្រង់ឡើយ។
លោក Nicholas Koumjian ប្រធានយន្តការស៊ើបអង្កេតឯករាជ្យរបស់ UN សម្រាប់មីយ៉ាន់ម៉ា ដែលជួយដល់ការស៊ើបអង្កេតរបស់ ICC បានលើកឡើងថា ការចាប់ខ្លួនលោក Min Aung Hliang ដែលកាន់អំណាចកំពូលនៅមីយ៉ាន់ម៉ា គឺជាការគំរាមដល់ជនផ្ដាច់ការដទៃទៀត ឲ្យឃើញកាន់តែច្បាស់ថា ទោះអ្នកកាន់អំណាចធំប៉ុណ្ណា ក៏អ្នកនៅតែស្ថិតក្រោមច្បាប់ដដែល។
បច្ចុប្បន្ន ដំណើរការស្វែងរកដីកាចាប់ខ្លួនមេដឹកនាំមីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការត្រួតពិនិត្យពីចៅក្រម ICC ចំនួន ៣រូប ដើម្បីពិនិត្យលើហេតុផល និងភ័ស្តុតាងក្នុងការចាប់ខ្លួនលោក Min Aung Hliang។ ជាទូទៅ វាត្រូវការរយៈពេល ៣ខែ ក្នុងការបញ្ចេញដីកាចាប់ខ្លួន ដែលធ្វើឡើងដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕
អត្ថបទ៖ Luffy រូបភាព៖ Reuters