ប្រមុខការទូតថ្មីកម្ពុជា ជ្រើសរើសទៅធ្វើទស្សនកិច្ចប្រទេសចិនរយៈពេល ៤ ថ្ងៃ

ចូលកាន់តំណែងភ្លាមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៤ ថ្ងៃដោយចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។

តាមដានជាមួយយើង៖ Million Times

ការចេញទៅក្រៅប្រទេសនេះ បញ្ជាក់ឲ្យឃើញថា ចិន គឺជាប្រទេសដំបូងគេដែលប្រមុខការទូតកម្ពុជារូបនេះសម្រេចចេញទៅធ្វើទស្សនកិច្ច ខណៈចិតជាប្រទេសដែលមានចំណងមិត្តភាពដែកថែបជាមួយកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន រួមទាំងគ្រោងជួបជាមួយឥស្សរជនចិនផ្សេងទៀត។

ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជាទៅកាន់ប្រទេសចិននាពេលនេះក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ស្របពេលដែលឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងការបរទេស