នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា សារព័ត៌មានរដ្ឋចិនបានព្រមានទៅកាន់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ថា ផែនការតំឡើងពន្ធទំនិញនាំចូលរបស់ចិន ទៅក្នុងទីផ្សារសហរដ្ឋអាមេរិក នឹងអាចបង្កជាសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទាំង២។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។


លោក Trump ដែលនឹងចូលកាន់តំណែងជាមេដឹកនាំអាមេរិកនាថ្ងៃទី២០ ខែមករាឆ្នាំក្រោយ ធ្លាប់មានប្រសាសន៍ថា នឹងតំឡើងពន្ធលើគ្រប់ទំនិញនាំចូលពីចិនច្រើនជាងមុន ១០% រហូតដល់រដ្ឋាភិបាលចិន បង្ក្រាបការចែកចាយគ្រឿងញៀនដែលហូរចូលពីចិន មកក្នុងទឹកដីអាមេរិក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន China Daily និង Global Times បានព្រមានទៅកាន់អាមេរិកថា កុំចាត់ទុកចិនជាអ្នករ៉ាប់រងបញ្ហា ដែលអាមេរិកកំពុងមានឲ្យសោះ។ ការលើកឡើងបែបនេះ គឺសំដៅទៅលើបញ្ហាគ្រឿងញៀនពាសពេញប្រទេស ដែលអាមេរិកចោទថា បានហូរចូលពីប្រទេសចិន និងម៉ិកស៊ិក។
កាសែត China Daily បានលើកឡើងថា គ្មានអ្នកឈ្នះឡើយនៅក្នុងសង្គ្រាមពាណិជ្ជកម្ម គឺមានតែអ្នកខាតបង់តិច និងច្រើន ហើយបើសិនជាអាមេរិក ចង់ដាក់គំនាបលើចិនដោយការបន្ថែមពន្ធ នោះច្បាស់ណាស់ចិនប្រាកដជាតបតដោយការតំឡើងពន្ធទំនិញពីអាមេរិកដូចគ្នា។
អ្នកជំនាញបានលើកឡើងថា ការគំរាមកំហែងបន្ថែមពន្ធលើប្រទេសចិន នឹងអាចបង្កជាសង្គ្រាមពាណិជ្ជកម្មលើកទី២ រវាងអាមេរិក និងចិន ពោលកាលពីឆ្នាំ២០១៨ វាធ្លាប់បានផ្ទុះម្ដង អំឡុងពេលលោក Trump កាន់តំណែងជាប្រធានាធិបតីដំបូង។
ក្នុងមួយឆ្នាំៗ ប្រទេសចិនបាននាំទំនិញទៅកាន់សហរដ្ឋអាមេរិកច្រើនជាង ៤០០ពាន់លានដុល្លារ ខណៈទំនិញនាំចេញភាគច្រើន គឺជាគ្រឿងអេឡិចត្រូនិក ស្របពេលការនាំចូលពីអាមេរិកវិញ ជាផលិតផលកសិកម្ម និងប្រេង៕
អត្ថបទ៖ Luffy រូបភាព៖ Asia Times