លោក ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការសាងសង់ និងរំពឹងថាអាចបញ្ចប់មុនផែនការគ្រោងទុក

ឆ្លើយតបទៅនឹងការចុះផ្សាយពីសារព័ត៌មានបរទេសដែលថាគម្រោងព្រែកជីកហ្វូណនតេជោកំពុងជាប់គាំងខ្វះថវិកាសាងសង់ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការសាងសង់ធម្មតា និងរំពឹងថា អាចបញ្ចប់មុន ឬតាមផែនការគ្រោងទុក មិនដូចការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ របស់ព័ត៌មានបរទេសនោះទេ។

ក្នុងនាមប្រធានគណៈកម្មការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកលោក ស៊ុន ចាន់ថុល ថ្លែងបញ្ជាក់ថា ព្រែកជីកហ្វូណននឹងធ្វើចប់ជាស្ថាពរតាមការគ្រោងទុក ឬមុនការគ្រោងទុក។ ការចេញមុខអះអាងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានលើកឡើងថា មកដល់ម៉ោងនេះ មិនទាន់មានការប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋនៅឡើយទេ ដោយសាររាជរដ្ឋាភិបាលចាំទឹកស្រក ដើម្បីចុះទៅបោះនិយាមការឲ្យបានត្រឹមត្រូវ នៅពេលដែលបោះហើយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើដំណើរតាមក្រោយទៅពិនិត្យឲ្យច្បាស់លាស់ និងផ្តល់សំណងជូនពលរដ្ឋ។

លោកបន្តថា តាមការសិក្សាជាបឋម មានផ្ទះប៉ះពាល់ ចំនួន១,៥៨៥ខ្នង ប៉ុន្ដែនៅពេលចុះទៅជាក់ស្ដែង មានការកែ និងពង្រីកកន្លែងខ្លះ មានការប៉ះពាល់ផ្ទះចំនួន២,៣០៥ខ្នង ក្នុងនោះ មាន៤០០ខ្នង ដែលបានប៉ះពាល់ច្រើន ក្រៅពីនោះមានការប៉ះពាល់តិចតួច។ លោកបន្ថែមថា «យើងជួលក្រុមហ៊ុនឯកជនមួយទៀត ទៅធ្វើការលើការងារផលប៉ះពាល់ឲ្យច្បាស់ និងចុះជួបប្រជារាស្ត្រផ្ទាល់ ហើយមិនមែនតែផ្ទះនោះទេ ដែលត្រូវសងសំណង សូម្បីតែដើមឈើក៏រាប់បញ្ចូល ក្នុងការសងសំណងផងដែរ»។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើដល់បងប្អូនពលរដ្ឋ សូមកុំជឿលើព័ត៌មានក្លែងក្លាយពីបរទេស ញុះញង់ប្រជាពលរដ្ឋ និងមើលងាយរាជរដ្ឋាភិបាល ថាមិនបានធ្វើអ្វី។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង ដែលបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។ គម្រោងនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។ ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៨ ខាងមុខ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC