បទឈប់បាញ់បោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់ផ្ដើមចូលជាធរមាន

សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល ជាមួយក្រុមឧទ្ទាមហេសបូឡា ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ កំពុងខិតកាន់ជិតដល់ទីបញ្ចប់ហើយ ក្រោយបទឈប់បាញ់បោះដែលមានអាមេរិក និងបារាំង ដើរតួជាអ្នកសម្របសម្រួល ចាប់ផ្ដើមចូលជាធរមាននាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងនាយករដ្ឋមន្ត្រីចាំផ្ទះលីបង់ Najib Mikati ហើយភាគីទាំងសងខាងព្រមព្រៀង និងគោរពតាមគោលការណ៍បទឈប់បាញ់បោះនៅម៉ោង ៩ព្រឹកនេះ។

ប្រទេសអ៊ីស្រាអែល នឹងចាប់ផ្ដើមដកទ័ពរបស់ខ្លួនម្ដងបន្តិចៗពីសមរភូមិរយៈពេល ៦០ថ្ងៃ ស្របពេលកងទ័ពលីបង់ នឹងចូលមកគ្រប់គ្រងតំបន់ទាំងនោះវិញ ដើម្បីធានាឲ្យច្បាស់ថា ក្រុមហេសបូឡា នឹងមិនមានការកសាងរចនាសម្ព័ន្ធនៅក្បែរទឹកដីអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ៗថា លោកពេញចិត្តជាមួយបទឈប់បាញ់បោះនេះ ដ្បិតវាអាចទុកពេលឲ្យកងយោធារបស់លោក មានពេលសម្រាកមួយរយៈ ក៏ប៉ុន្តែលោកនឹងមិនអង្គុយស្ងៀមឡើយ បើសិនជាភាគីម្ខាងទៀតវាយប្រហារមកលើប្រទេសរបស់លោក។

គួររំលឹកបន្តិចថា សង្គ្រាមនៅតំបន់ហ្គាហ្សាកាលពីឆ្នាំមុន បានធ្វើឲ្យរីករាលដល់ដល់ការផ្ទុះអាវុធនៅព្រំដែនអ៊ីស្រាអែល និងលីបង់ បង្កឲ្យមានមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត៕

អត្ថបទ៖ Luffy រូបភាព៖ Reuters