ដំណឹងនៃការសាងសង់ស្ពានភ្នំពេញតភ្ជាប់ក្រុងអរិយក្សត្រនៅមិនទាន់ប្រកាសពេលវេលាជាក់ច្បាស់សាងសង់នៅឡើយទេ ខណៈគម្រោងអភិវឌ្ឍន៍ទីក្រុងរណបអរិយក្សត្រ ត្រៀមបើកការដ្ឋានឆាប់ៗខាងមុខនេះហើយ។
ជាក់ស្តែងនាពេលថ្មីៗនេះ លោក យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងអភិបាលក្រុងអរិយក្សត្រ បានចុះពិនិត្យទីតាំង ត្រៀមរៀបចំពិធីបេីកការដ្ឋានសាងសង់ «គម្រោងអភិវឌ្ឍន៍ទីក្រុងរណប» ក្រោមវត្តមានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងស្រ្តី១កម្ពុជា។


ជាមួយគ្នានេះដែល លោក គួច ចំរើន អភិបាលខេត្តកណ្ដាល កាលថ្ងៃទី១៩ ខែវិច្ឆិកា បានដឹកនាំមន្ត្រីជំនាញ និងក្រុមហ៊ុនដែលត្រូវអនុវត្តគម្រោងសាងសង់ ចុះមកពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងចំនួន ៣ខ្សែ នៅតំបន់អភិវឌ្ឍន៍ក្រុងរណប ក្រុងអរិយក្សត្រ។ ក្នុងការចុះពិនិត្យនេះ លោកបានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវបេតុទាំង ៣រខ្សែនេះ ធានាដល់ការប្រើប្រាស់បានយូអង្វែង។
តាមការឲ្យដឹងពីប្រជាពលរដ្ឋ តំបន់វាលខ្សាច់ថ្មីមួយក្នុងឃុំអរិយក្សត្រ ដែលធ្លាប់ជាច្រាំងទន្លេ ហើយបច្ចុប្បន្នត្រូវបានក្រុមហ៊ុនចាក់ដីបំពេញ ទល់មុខតំបន់អភិវឌ្ឍន៍កោះពេជ្រ និងកោះនរា ត្រូវបានរដ្ឋាភិបាលបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះអ្នកអភិវឌ្ឍន៍។ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីលើទឹកដីត្រោយម្ខាងទន្លេចតុមុខ ក្រោមការវិនិយោគពីក្រុមហ៊ុន ឃុនសៀ គ្រុប របស់អ្នកឧកញ៉ា ឃុន សៀ ដែលជាពាណិជ្ជករចាស់វស្សាមួយរូបរកស៊ីក្នុងអចលនទ្រព្យ និងបូមខ្សាច់៕



អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តកណ្តាល