ថៃសុំជំនួយពីប៉ូលិសអន្តរប៉ូល តាមចាប់ខ្លួនអ្នកជំនួញជើងចាស់រត់ចោលស្រុក

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា សារព័ត៌មាន CNA បានរាយការណ៍ថា ប៉ូលិសថៃកំពុងសុំជំនួយពីប៉ូលិសអន្តរប៉ូល ដើម្បីយកដីកាតាមចាប់ខ្លួនអ្នកជំនួញចាស់វស្សាម្នាក់ ដែលបានរត់គេចខ្លួនទៅក្រៅប្រទេស ក្រោយជាប់ពាក់ព័ន្ធករណីឆបោកទំហំលុយរាប់រយលានដុល្លារ។

តាមដានជាមួយយើង៖ Million Times

ប៉ូលិសថៃកំពុងតាមចាប់ខ្លួនលោក Boon Vanasin វ័យ ៨៦ឆ្នាំ និងជាអតីតប្រធានក្រុមហ៊ុន Thonburi Healthcare Group (THG) ដែលត្រូវបានជឿថា បានរត់គេចចេញពីប្រទេសថៃ តាំងពីខែកញ្ញាមកម៉្លេះ។

លោក Boon បានទទួលការប្ដឹងពីមនុស្សចំនួន ២៥០នាក់កាលពីឆ្នាំទៅមិញ ពីបទឆបោកតាមរយៈអូសទាញឲ្យមានការបណ្ដាក់ទុន លើគម្រោងវេជ្ជសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសថៃ ឡាវ និងវៀតណាម និងបានធ្វើឲ្យម្ចាស់បណ្ដឹងបាត់បង់ប្រាក់រហូតដល់ ២១៩លានដុល្លារ។

លោក Boon កំពុងរត់គេចខ្លួននៅក្រៅប្រទេស ដោយសារព័ត៌មាននៅក្នុងស្រុកបានផ្សាយថា លោកកំពុងសំងំលាក់ខ្លួននៅប្រទេសចិន ហើយប៉ូលិសថៃត្រូវការជំនួយពីប៉ូលិសអន្តរប៉ូល ដើម្បីតាមចាប់ខ្លួនអ្នកជំនួយវ័យចំណាស់ម្នាក់នេះ។

សូមជម្រាបដែរថា ប្រពន្ធ និងកូនស្រីរបស់លោក Boon ក៏ដូចជាមនុស្សចំនួន ៦នាក់ទៀត ត្រូវបានប៉ូលិសចាប់ខ្លួន និងបានចោទប្រកាន់ពីបទឆបោកសាធារណៈ និងការលាងលុយកខ្វក់ ខណៈគ្រួសារលោក Boon បដិសេធ មិនជាប់ពាក់ព័ន្ធនឹងករណីឆបោកលុយជាង ២០០លានដុល្លារនោះឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ Thaiger