ក្រសួងយុត្តិធម៌ទុកពេល ៥ថ្ងៃ ឲ្យលោកស្រី Duterte បកស្រាយសារគំរាមសម្លាប់ប្រធានាធិបតី

ក្រសួងយុត្តិធម៌ បានប្រកាសកាលពីថ្ងៃទី២៥ ខែវិច្ឆិកាថា ពួកគេនឹងទុកពេល ៥ថ្ងៃ ដើម្បីឲ្យលោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន បកស្រាយហេតុផលជុំវិញការបញ្ចេញសារគំរាមសម្លាប់ប្រធានាធិបតី Ferdinand Marcos Jr. មុនពេលចេញដីការបើកការស៊ើបអង្កេតផ្លូវការ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន ABS CBN News បានរាយការណ៍ថា ក្រសួងយុត្តិធម៌បានចាត់ទុកលោកស្រីអនុប្រធានាធិបតីរូបនេះ ជាមេខ្លោងពីក្រោយគ្រោងការណ៍តាមធ្វើឃាតប្រមុខដឹកនាំប្រទេស ស្របពេលបច្ចុប្បន្នការិយាល័យជាតិនៃការស៊ើបអង្កេត (NBI) បានចាប់ផ្ដើមស្វែងរកឃាតករ ដែលលោកស្រី Duterte អះអាងថាបានជួលរួចរាល់។

អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ Jesse Andres បានមានប្រសាសន៍ថា «ផែនការ​រៀបចំ​ទុកជាមុន​ក្នុង​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​ ដែល​បាន​ប្រកាស​ដោយ​មេខ្លោង ដែល​បាន​សារភាព​ដោយ​ខ្លួន​ឯង​នឹង​ប្រឈម​ជាមួយ​ផល​វិបាក​ផ្លូវ​ច្បាប់»។

លោក Andres បានបន្តទៀតថា «ឥឡូវនេះ យើងកំពុងស្វែងរកភ្នាក់ងារអនុវត្តច្បាប់របស់យើង ដើម្បីស៊ើបអង្កេតកន្លែងលាក់ខ្លួនរបស់មនុស្សទាំងនេះ ដែលគ្រោងប្រឆាំងនឹងប្រធានាធិបតី។ យើងនឹងប្រើប្រាស់ធនធានទាំងអស់របស់រដ្ឋាភិបាល ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ដើម្បីស្វែងរកអត្តសញ្ញាណរបស់ឃាតកនេះ ហើយពួកគេនឹងត្រូវបានដោះស្រាយដោយកម្លាំងពេញលេញនៃច្បាប់»។

គួររំលឹកបន្តិចថា កាលពីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា អនុប្រធានាធិបតីហ្វីលីពីន Sara Duterte បានចេញសារគំរាមសម្លាប់ប្រធានាធិបតី Ferdinand Marcos Jr. និងភរិយារបស់លោក ដោយបានអះអាងថា បានជួលឃាតកររួចស្រេចហើយ។

នេះមិនមែនជាការគំរាមកំហែងដល់អាយុជីវិតមេដឹកនាំកំពូលហ្វីលីពីនលើកទីមួយឡើយ ពោលកាលពីខែតុលា កូនស្រីអតីតប្រធានាធិបតីរូបនេះ ក៏ធ្លាប់និយាយថា នាងចង់កាត់ក្បាលរបស់លោក Marcos និងគាស់ផ្នូរឪពុករបស់លោកថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ ABS CBN