ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្ដេជ្ញាថា នឹងដំឡើងពន្ធនាំចូលទំនិញបន្ថែមទៀត លើប្រទេសចំនួន ៣ ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិករួមមាន ប្រទេសកាណាដា ម៉ិកស៊ិក និងចិន។
ដកស្រង់សម្ដីរបស់លោក Trump ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា លោកនឹងបង្កើនពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិក ២៥% បន្ថែមទៀត រហូតដល់ប្រទេសទាំង២ ចាត់វិធានការទប់ស្កាត់ការហូរចូលនៃគ្រឿងញៀន ក្នុងសហរដ្ឋអាមេរិក ក៏ដូចជាបញ្ហាព្រំដែនផងដែរ។ អនាគតប្រធានាធិបតីអាមេរិករូបនេះអះអាងថា បញ្ហាធំៗទាំង២ ខាងលើ គឺបានរំលោភលើច្បាប់ពាណិជ្ជកម្មសេរី។


បន្ថែមពីនោះ លោក Trump ក៏បានបញ្ជាក់ទៀតថា នឹងដំឡើងពន្ធ ១០% បន្ថែមទៀតលើពន្ធដែលមានច្រើនស្រាប់ សម្រាប់ទំនិញសឹងគ្រប់ប្រភេទពីប្រទេសចិន។
ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានសរសេរសារបង្ហោះលើបណ្ដាញសង្គម Truth Social ថា «នៅថ្ងៃទី២០ ខែមករា បទបញ្ជាពិសេសមួយដែលខ្ញុំនឹងដាក់ចេញ គឺខ្ញុំនឹងចុះហត្ថលេខាលើឯកសារសំខាន់ៗ ក្នុងការទារពន្ធបន្ថែម ២៥% លើផលិតផលគ្រប់មុខ ពីប្រទេសកាណាដា និងម៉ិកស៊ិក»។
ជាការឆ្លើយតបនឹងបញ្ហាខាងលើ អ្នកនាំពាក្យឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Liu Pengyu ក៏បានបង្ហើបដែរថា ការដំឡើងពន្ធរបស់អាមេរិក លើប្រទេសចិន គឺជារឿងមិនគួរកើតឡើងឡើយ ហើយវាអាចឈានដល់សង្គ្រាមពាណិជ្ជកម្ម។
លោកបានបន្ថែមទៀតថា ចិន និងអាមេរិកគួរតែចាប់ដៃសហការគ្នា ដើម្បីផលប្រយោជន៍រួម ដ្បិតបើសង្គ្រាមពាណិជ្ជកម្មកើតមានមែន ប្រាកដណាស់វាគ្មានអ្នកណាឈ្នះឡើយ ពោលគឺមានតែខាតបង់រៀងខ្លួន គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ៕
អត្ថបទ៖ Luffy រូបភាព៖ Fox News