ប្រធានាធិបតីហ្វីលីពីននិយាយអ្វីខ្លះ ក្រោយរងការគំរាមសម្លាប់ពីអតីតដៃគូឈរឈ្មោះបោះឆ្នោត

នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាននិយាយថា ការគំរាមសម្លាប់រូបលោក គឺជាបញ្ហាដ៏ធំមួយ ហើយត្រូវតែចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដើម្បីកុំឲ្យជនបង្កហេតុរួចខ្លួន។

តាមរយៈការបង្ហោះវីដេអូដោយទីភ្នាក់ងារសារព័ត៌មាន ABS-CBN News បានឲ្យដឹងថា លោក Marcos បានអំពាវនាវឲ្យមានការស្រាវជ្រាវឲ្យដិតដល់ ដ្បិតផែនការឧក្រិដ្ឋកម្មបែបនេះ មិនគួរមើលរំលងនោះទេ។ ប្រធានាធិបតីហ្វីលីពីន មិនបាននិយាយឈ្មោះលោកស្រីអនុប្រធានាធិបតី Sara Duterte ឡើយនៅក្នុងវីដេអូមួយនោះ បើទោះជាការគំរាមសម្លាប់ ត្រូវបាននិយាយចេញពីមាត់អតីតដៃគូស្វែងរកសន្លឹកឆ្នោតកាលពីឆ្នាំ២០២២ ផ្ទាល់ក៏ដោយ។

កាលពីចុងសប្ដាហ៍ ទីភ្នាក់ងារសន្តិសុខបានបញ្ជាក់ថា ពួកគេបានដាក់ពង្រាយកងកម្លាំង ដើម្បីរឹតបន្តឹងការការពារសុវត្ថិភាពប្រធានាធិបតី និងបើកការស៊ើបអង្កេតលើបញ្ហាមួយនេះជាបន្ទាន់៕

អត្ថបទ៖ Luffy រូបភាព៖ ABS-CBN News