ចិនដូចត្រូវឆ្នោតធំ ក្រោយរកឃើញរ៉ែមាសថ្មីតម្លៃជាង ៨០ពាន់លានដុល្លារ

ប្រទេសចិនបានរុករកឃើញរ៉ែមាសថ្មីស្រឡាងមួយ នៅកណ្ដាលក្រុងហ៊ូណានកាលពីថ្ងៃទី២២ ខែវិច្ឆិកា ហើយសរុបជាសាច់ប្រាក់នៃមាសទាំងនោះ គឺមានតម្លៃរហូតដល់រាប់សិបពាន់លានដុល្លារឯណោះ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មាន SCMP បានចុះផ្សាយថា ក្រុមភូគព្ភវិទូបានរកឃើញសរសៃមាសថ្មីជាង ៤០ ដែលមានទីតាំងនៅក្រោមរ៉ែមាស Wangu ជម្រៅតិចជាង ២ ០០០ម៉ែត្រ ក្នុងស្រុក Pingjiang ខណៈរ៉ែមាសថ្មីនោះ ត្រូវបានគេប៉ាន់ស្មានថា មានមាសច្រើនជាង ១ ០០០តោន សរុបជាទឹកប្រាក់ប្រហែល ៦០០ពាន់លានយ៉ន់ ឬប្រមាណ ៨៣ពាន់លានដុល្លារអាមេរិក។

សមិទ្ធផលដ៏ធំធេងនេះ នឹងជួយសម្រាលដល់ការនាំចូលមាសរបស់ប្រទេសចិនមួយកម្រិតថែមទៀត។ ដ្បិតចិនជាប្រទេសផលិតមាសធំបំផុតលើលោកមែន ក៏ប៉ុន្តែវាមិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ឡើយ។

ប្រទេសចិន រ៉ាប់រងលើការផលិតមាសទូទាំងសកលលោកប្រហែល ១០% ក៏ប៉ុន្តែរបាយការណ៍កាលពីឆ្នាំ២០២៣ បង្ហាញថា ការប្រើប្រាស់មាសក្នុងប្រទេសចិន បានឈានដល់ចំនួន ៧៤២តោន ស្របពេលផលិតកម្មក្នុងស្រុក សម្រេចបានត្រឹម ២៦៨តោនប៉ុណ្ណោះ៕

អត្ថបទ៖ Luffy រូបភាព៖ Global Voices