ចៅក្រមសហពន្ធអាមេរិកម្នាក់ បានច្រានចោលសំណើរបស់គណៈកម្មការមូលបត្រអាមេរិក (SEC) ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមហាសេដ្ឋី Elon Musk បន្ទាប់ពីមេធំ Tesla រូបនេះ អាក់ខានបង្ហាញវត្តមានសម្រាប់សក្ខីកម្ម ដែលបញ្ជាដោយតុលាការក្នុងការអង្កេតចំពោះការទិញយកក្រុមហ៊ុន Twitter។


សារព័ត៌មាន Reuters បានចុះផ្សាយថា ចៅក្រម Jacqueline Scott Corley ក្នុងទីក្រុង San Francisco បាននិយាយថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើលោក Elon Musk ដែលខកខានបង្ហាញខ្លួនកាលពីថ្ងៃទី១០ ខែកញ្ញា គឺជារឿងមិនចាំបាច់នោះទេ ដ្បិតកាលពីថ្ងៃទី០៣ ខែតុលា កំពូលមហាសេដ្ឋីរូបនេះ បានយល់ព្រមបង់ប្រាក់ពិន័យជិត ៣០០០ដុល្លារ សម្រាប់ SEC ក្នុងការធ្វើដំណើររួចហើយ។
គួររំលឹកបន្តិចថា គណៈកម្មការមូលបត្រអាមេរិក កំពុងបើកការស៊ើបអង្កេតទៅលើលោក Elon Musk ជុំវិញការបំពានច្បាប់មូលបត្រកាលពីដើមឆ្នាំ២០២២ ពោលគឺមិនប្រកាសពីការទិញយកក្រុមហ៊ុន Twitter ភ្លាមៗឡើយ ដោយលាក់ព័ត៌មានរហូតដល់ ១០ថ្ងៃ ដើម្បីប្រមូលទិញភាគហ៊ុនក្នុងតម្លៃទាបជាច្រើន រួចហើយទើបប្រកាសពីការទិញយកក្រុមហ៊ុន ដើម្បីធ្វើឲ្យតម្លៃហ៊ុនឡើងថ្លៃកប់ពពក៕
អត្ថបទ៖ Luffy រូបភាព៖ Reuters