ក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសហ្វីលីពីន នឹងពិនិត្យទៅលើការគំរាមកំហែងធ្វើឃាតប្រធានាធិបតីលោក Ferdinand Marcos Jr. របស់អនុប្រធានាធិបតីលោកស្រី Sara Duterte ខណៈដែលមន្ត្រីកំពូលម្នាក់បាននិយាយថាជា «បញ្ហាសន្តិសុខជាតិ»។
សារព័ត៌មាន Reuter បានចុះផ្សាយថា លោកស្រី Sara Duterte នៅក្នុងសន្និសីទខ្លីមួយកាលពីព្រឹកថ្ងៃសៅរ៍ បាននិយាយថា លោកស្រីបាននិយាយជាមួយឃាតក ហើយបានណែនាំពួកគេឱ្យសម្លាប់ Marcos ប្រពន្ធរបស់គាត់ និងជាប្រធានសភាហ្វីលីពីន ប្រសិនបើនាងត្រូវសម្លាប់។
ទីប្រឹក្សាសន្តិសុខជាតិ លោក Eduardo Ano បាននិយាយថា រដ្ឋាភិបាលចាត់ទុកការគំរាមកំហែងទាំងអស់ចំពោះប្រធានាធិបតីថា ជាធ្ងន់ធ្ងរដោយប្តេជ្ញាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអនុវត្តច្បាប់ និងសហគមន៍ស៊ើបការណ៍ ដើម្បីស៊ើបអង្កេតការគំរាមកំហែង និងជនល្មើសដែលអាចកើតមាន។
លោក Ano បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រាល់ការគំរាមកំហែងណាមួយប្រឆាំងនឹងអាយុជីវិតរបស់ប្រធានាធិបតី នឹងមានសុពលភាព និងចាត់ទុកថាជាបញ្ហាសន្តិសុខជាតិ»។
ជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោកស្រីអនុប្រធានាធិបតី បញ្ជាការសន្តិសុខប្រធានាធិបតី Marcos បាននិយាយថា ខ្លួនបានរឹតបន្តឹងពិធីសាររបស់ខ្លួនក្នុងការការពារមេដឹកនាំហ្វីលីពីន ហើយមេប៉ូលិសជាតិបានបញ្ជាឱ្យមានការស៊ើបអង្កេត។
លោកស្រី Sara និងលោក Marcos ធ្លាប់ជាដៃគូនយោបាយដែលបានឈ្នះអាណត្តិដ៏ច្រើនលើសលប់ដើម្បីដឹកនាំការិយាល័យកំពូលទាំងពីររបស់ប្រទេសក្នុងឆ្នាំ ២០២២។ សម្ព័ន្ធភាពនេះបានបែកបាក់នៅឆ្នាំនេះ ដោយសារភាពខុសគ្នានៃគោលនយោបាយ រួមទាំងគោលនយោបាយការបរទេស និងការបង្ក្រាប់ដ៏សាហាវរបស់អតីតប្រធានាធិបតី Rodrigo Duterte លើបញ្ហាគ្រឿងញៀន។
សម្ព័ន្ធមិត្តសភារបស់លោក Marcos កំពុងស៊ើបអង្កេតដាច់ដោយឡែកពីគ្នាអំពីការបង្ក្រាបរបស់លោក Duterte ប្រឆាំងនឹងគ្រឿងញៀន ដែលនាំឱ្យមនុស្សជាង ៦,០០០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន និងបានចោទប្រកាន់អំពើពុករលួយជុំវិញការប្រើប្រាស់មូលនិធិសាធារណៈរបស់លោក Duterte ក្នុងអំឡុងពេលកាន់តំណែងជាលេខាធិការអប់រំ។ អ្នកទាំងពីរបដិសេធមិនបានធ្វើខុសទេ។ លោក Duterte បានលាលែងពីតំណែងគណៈរដ្ឋមន្ត្រីកាលពីខែមិថុនា៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ REUTERS