តុលការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានចេញដីកាតាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu រួមជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងមេដឹកនាំក្រុមហាម៉ាសម្នាក់ផង។


សារព័ត៌មាន CNN បានចុះផ្សាយថា តុលាការដែលមានមូលដ្ឋាននៅប្រទេសហូឡង់ អះអាងថា មានភ័ស្តុតាងគ្រប់គ្រាន់ ក្នុងការចោទប្រកាន់លោក Netanyahu ឲ្យទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្គ្រាម រួមមានបង្កភាពអត់ឃ្លាន ដែលជាមធ្យោបាយក្នុងការធ្វើសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក៏ដូចជាអំពើអមនុស្សធម៌ជាច្រើនទៀត។
តុលាការ ICC ក៏បានចេញដីកាតាមចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាសម្នាក់ ដែលមានឈ្មោះថា Mohammed Diab Ibrahim Al-Masri ឬគេនិយមហៅលោកថា Mohammed Deif ដោយបានអះអាងថា បុគ្គលម្នាក់នេះគឺជាមេខ្លោង ដែលបង្កឲ្យកើតមានការវាយប្រហារនៅអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។
ICC សង្កត់ធ្ងន់ថា ពួកគេមានហេតុផលគ្រប់គ្រាន់ ដើម្បីជឿថាលោក Deif ត្រូវទទួលខុសត្រូវលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមានអំពើឃាតកម្ម ការសម្លាប់ចោល ការធ្វើទារុណកម្ម ការចាប់រំលោភ និងការចាប់ចំណាប់ខ្មាំងជាដើម។

គួររំលឹកបន្តិចថា អ៊ីស្រាអែលធ្លាប់បាននិយាយថា ពួកគេបានសម្លាប់លោក Deif កាលពីខែកញ្ញា តាមរយៈការបាញ់គ្រាប់មីស៊ីល ក៏ប៉ុន្តែក្រុមហាម៉ាស មិនដែលបញ្ជាក់ពីការស្លាប់របស់បុគ្គលនេះឡើយ។
ជុំវិញសេចក្ដីប្រកាសរបស់ ICC រដ្ឋាភិបាលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក៏បានចេញមុខច្រានចោលដីកាចាប់ខ្លួនមួយនេះ ដោយចាត់ទុកថា ទង្វើរបស់ ICC គឺជារឿងមិនសមហេតុសមផល និងរើសអើងពូជសាសន៍៕
អត្ថបទ៖ Luffy រូបភាព៖ CNN