អតីតមហាសេដ្ឋី Sung Kook Hwang ឬគេនិយមហៅលោកថា Bill Hwang ត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល ១៨ឆ្នាំ បន្ទាប់ពីក្រុមហ៊ុន Achegos Capital Management របស់លោកបានដួលរលំ។


សារព័ត៌មាន Reuters បានរាយការណ៍ថា លោក Hwang ត្រូវបានចៅក្រមសង្កាត់ Manhattan លោក Alvin hellerstein សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ក្រោយរងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ១០ករណី រួមមាន អំពើឆបោកជាប្រព័ន្ធ ការក្លែងបន្លំមូលបត្រ និងបន្លំទិន្នន័យផ្សារហ៊ុន។
រឿងហេតុដំបូងបានកើតឡើងនៅក្នុងឆ្នាំ២០១៣ ពេលដែលលោក Hwang ចាប់ផ្ដើមបង្កើតក្រុមហ៊ុន Archegos ក្នុងទីក្រុងញូវយ៉ក ជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុ និងគ្រប់គ្រងមូលនិធិក្រុមហ៊ុនធំៗ។
តុលាការបានចោទប្រកាន់លោក Hwang ថា បានលួចយកប្រាក់ពីក្រុមវិនិយោគិនតម្លៃរាប់ពាន់លានដុល្លារ ទៅវិនិយោគលើទីផ្សារភាគហ៊ុន ហើយនៅពេលតម្លៃហ៊ុនធ្លាក់ចុះ បណ្ដាលឲ្យក្រុមហ៊ុន Archegos មិនអាចមានលទ្ធភាពបង្វិលលុយទាន់ពេលវេលា ធ្វើឲ្យក្រុមវិនិយោគិនខាតបង់ជាច្រើន។
ការដួលរលំរបស់ក្រុមហ៊ុន Archegos ក្នុងឆ្នាំ២០២១ បានធ្វើឲ្យធនាគារជាច្រើនខាតបង់ទ្រព្យសម្បត្តិយ៉ាងតិច ១០ពាន់លានដុល្លារ ហើយក៏មានការទាមទារឲ្យកាត់ទោសស្ថាបនិករូបនេះ ដាក់ពន្ធនាគាររហូតដល់ ២១ឆ្នាំ និងសងជំងឺចិត្តដល់ជនរងគ្រោះ សរុបជាសាច់ប្រាក់ជាង ១២ពាន់លានដុល្លារ។
គួររំលឹកបន្តិចថា លោក Hwang ធ្លាប់ជាកំពូលមហាសេដ្ឋីមួយរូប នៅក្នុងវិស័យហិរញ្ញវត្ថុនៅអាមេរិក ដោយធ្លាប់មានទ្រព្យសម្បត្តិលើសពី ៣០ពាន់លានដុល្លារ ក៏ប៉ុន្តែបច្ចុប្បន្នបានធ្លាក់នៅត្រឹម ៥៥លានដុល្លារ ដោយមិនទាន់គិតគូរពីលទ្ធភាពសងជំងឺចិត្តជនរងគ្រោះនៅឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ Loop News