របាយការណ៍ពីសហព័ន្ធមនុស្សយន្តអន្តរជាតិ ហៅកាត់ IFR បានបង្ហាញនៅថ្ងៃទី២០ ខែវិច្ឆិកាថា ប្រទេសចិន បានវ៉ាដាច់អាល្លឺម៉ង់ ក្នុងនាមជាអ្នកប្រើប្រាស់គ្រឿងយន្តច្រើនបំផុតនៅក្នុងវិស័យឧស្សាហកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


IFR បានធ្វើការកំណត់ដោយប្រើប្រាស់ក្បួនគណនា តាមរយៈការប្រៀបធៀបស្វ័យប្រវត្តិកម្មនៃឧស្សាហកម្មផលិតកម្ម ចំនួនគ្រឿងយន្ត ធៀបនឹងមនុស្សធម្មតា ក្នុងវិស័យឧស្សាហកម្មនៃប្រទេសនីមួយៗ។
ក្នុងនោះ ប្រទេសកូរ៉េខាងត្បូង ប្រើប្រាស់គ្រឿងយន្តច្រើនបំផុតក្នុងវិស័យឧស្សាហកម្ម ដោយក្នុងចំណោមបុគ្គលិក ១០ ០០០នាក់ មានគ្រឿងយន្ត ១ ០១២គ្រឿង តាមពីក្រោយដោយប្រទេសសិង្ហបុរី។
ចំណែកឯប្រទេសចិន បានប្រើប្រាស់គ្រឿងយន្ត ៤៧០គ្រឿងក្នុងចំណោមបុគ្គលិក ១០ ០០០នាក់ ខណៈប្រទេសអាល្លឺម៉ង់មានគ្រឿងយន្ត ៤២៩គ្រឿង ក្នុងចំណោមបុគ្គលិក ១០ ០០០នាក់។
ចំនួនគ្រឿងយន្តនៅក្នុងវិស័យឧស្សាហកម្មចិន មានការកើនឡើងទ្វេដង បើធៀបនឹងរបាយការណ៍កាលពីឆ្នាំ២០១៩។ ការកើនឡើងនៃចំនួនគ្រឿងយន្តនេះ បង្ហាញឲ្យឃើញកាន់តែច្បាស់ ពីសន្ទុះឧស្សាហកម្មនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី២៕
អត្ថបទ៖ Luffy រូបភាព៖ Wevolver