CEO ក្រុមហ៊ុន Xpeng អះអាងថា ក្រុមហ៊ុនរថយន្តចិនជាច្រើន នឹងបះជើងក្នុងរយៈពេល ១០ឆ្នាំ

ស្របពេលទីផ្សាររថយន្តចិន កំពុងមានសន្ទុះល្អ តែជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Xpeng បែរជាព្យាករថា រយៈពេលមួយទសវត្សខាងមុខ ក្រុមហ៊ុនរថយន្តចិនជាច្រើន នឹងដួលបះជើងទៅវិញ។

តាមដានជាមួយយើង៖ Million Times

អំឡុងពេលផ្ដល់កិច្ចជាមួយកាសែតសិង្ហបុរី The Straits Times លោក He Xiaopeng នាយកប្រតិបត្តិក្រុមហ៊ុន Xpeng បានមានប្រសាសន៍ថា ក្រុមហ៊ុនរថយន្តចិនជាច្រើន នឹងមិនអាចឈរជើងរឹងមាំលើទីផ្សារបានឡើយ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

“ពីក្រុមហ៊ុនបង្កើតថ្មី ៣០០ មានតែ ១០០ប៉ុណ្ណោះ ដែលអាចឈរជើងបាន ហើយក្នុងនោះ មានតែជាង ៤០ក្រុមហ៊ុនប៉ុណ្ណោះ ដែលបន្តលក់រថយន្តសព្វថ្ងៃ។ ខ្ញុំយល់ឃើញថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខ នឹងមានតែក្រុមហ៊ុនរថយន្តចិនធំៗចំនួន ៧ ដែលនឹងបន្តឈរជើងរឹងមាំ លើទីផ្សាររថយន្តពិភពលោក”។ នេះបើតាមសម្ដីរបស់លោក He បានប្រាប់ទៅកាន់កាសែតសិង្ហបុរី។

CEO ក្រុមហ៊ុនរថយន្តខ្នាតយក្សរូបនេះបន្តទៀតថា នៅក្នុងឆ្នាំ២០៣០ ខាងមុន នឹងមានការជំរុះចេញនូវក្រុមហ៊ុនរថយន្តជាបន្តបន្ទាប់ ហើយក្រុមហ៊ុនដែលអាចឈរជើងបាន គឺអាស្រ័យទៅលើសមត្ថភាព និងភាពបត់បែនរបស់ពួកគេ លើទីផ្សាររថយន្ត។

សូមជម្រាបដែរថា ប្រទេសចិនមានមហិច្ឆតា ចង់ក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីពិភពលោក ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ ការប្រកួតប្រជែងមានសន្ទុះខ្លាំង ដែលធ្វើឲ្យចិនពិបាកក្នុងការសម្រេចផែនការមួយនេះ៕

អត្ថបទ៖ Luffy រូបភាព៖ The Strait Times