Apple ដាក់សំណើវិនិយោគច្រើនជាងមុន ១០ដង សុំឲ្យឥណ្ឌូណេស៊ីដកបម្រាមលក់ទូរស័ព្ទ iPhone 16

ក្រុមហ៊ុន Apple Inc បានដាក់សំណើវិនិយោគនៅក្នុងប្រទេសឥណ្ឌូណេស៊ី ច្រើនជាងមុនរហូតដល់ ១០ដង ដើម្បីសុំឲ្យរដ្ឋាភិបាលពិចារណា ដកហូតបម្រាមលក់ទូរស័ព្ទ iPhone 16 របស់ខ្លួនវិញ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា សំណើដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកដាក់ទៅនោះ គឺបណ្ដាក់ទុន ១០០លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំនៅក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈកន្លងមកធ្លាប់មានបំណងវិនិយោគត្រឹម ៩,៥លានដុល្លារប៉ុណ្ណោះ។

ក្រោយទទួលបានសំណើនេះហើយ ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី មិនទាន់សម្រេចចិត្តភ្លាមៗឡើយ ក៏ប៉ុន្តែពួកគេទាមទារឲ្យក្រុមហ៊ុន Apple ផ្លាស់ប្តូរផែនការវិនិយោគ ដើម្បីផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ស្មាតហ្វូននៅក្នុងប្រទេសខ្លួនវិញ។

គួររំលឹកបន្តិចថា កាលពីខែមុន ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី បានហាមឃាត់មិនឲ្យមានការលក់ទូរស័ព្ទ iPhone 16 នៅក្នុងប្រទេសខ្លួនឡើយ ដ្បិតក្រុមហ៊ុន Apple មិនបានធ្វើតាមគោលការណ៍វិនិយោគរបស់ខ្លួន ពោលគឺមិនបានប្រើប្រាស់វត្ថុធាតុដើម យ៉ាងតិច ៤០% នៅក្នុងផលិតផលដែលត្រូវដាក់លក់លើទីផ្សារឥណ្ឌូណេស៊ី៕

អត្ថបទ៖ Luffy រូបភាព៖ The Star