ក្រុមហ៊ុន ByteDance ដែលជាមេរបស់ TikTok បានកើនតម្លៃមូលធនទីផ្សារ រហូតដល់ ៣០០ពាន់លានដុល្លារ បន្ទាប់ពីជោគជ័យក្នុងការជំរុញឲ្យក្រុមវិនិយោគិន ទិញភាគហ៊ុនរបស់ខ្លួន។


សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី១៨ ខែវិច្ឆិកាថា ក្រុមហ៊ុន ByteDance បានទាក់ទងទៅក្រុមវិនិយោគិន និងណែនាំពួកគេឲ្យទិញភាគហ៊ុនរបស់ខ្លួន ក្នុងតម្លៃ ១៨០,៧ដុល្លារក្នុងមួយហ៊ុន សម្រាប់កម្មវិធីទិញភាគហ៊ុនត្រឡប់មកវិញ (Share buyback program)។
គួររំលឹកបន្តិចថា កម្មវិធីទិញភាគហ៊ុនមកវិញ គឺអនុញ្ញាតឲ្យក្រុមហ៊ុនមួយ មានសិទ្ធទិញភាគហ៊ុនពីក្រុមវិនិយោគិន នៅក្នុងរយៈពេលណាមួយ ហើយវាតែងតែត្រូវបានប្រើប្រាស់ជាមធ្យោបាយ បង្វិលលុយវិនិយោគនៅក្នុងក្រុមហ៊ុនធំៗ។
បច្ចុប្បន្ន ក្រុមហ៊ុន ByteDance គឺជាក្រុមហ៊ុនអ៊ីនធឺណិតធំបំផុតលើលោកទី០៥ បន្ទាប់ពីក្រុមហ៊ុន Alphabet, Amazon, Meta និងក្រុមហ៊ុន Tencent។ មូលធនទីផ្សារក្រុមហ៊ុននេះ មានការកើនឡើងជាលំដាប់ ដោយបានកើន ៣០% នៅឆ្នាំ២០២២ និង ៣៥% ក្នុងឆ្នាំ២០២៣ ចំណែកឯប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ ត្រូវបានគេរំពឹងថា នឹងអាចកើបលុយចន្លោះពី ១៤៥ ដល់ ១៥០ពាន់លានដុល្លារថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Techloy