កិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុត G20 កំពុងចាប់ផ្ដើមនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ក្រោមវត្តមានមេដឹកនាំពិភពលោកជាច្រើនរូប។


យោងតាមការចុះផ្សាយពីសារព័ត៌មាន Outlook បានបង្ហាញថា ក្នុងកិច្ចប្រជុំសារនេះ ដែលមានប្រេស៊ីលជាម្ចាស់ផ្ទះ នឹងផ្ដោតសំខាន់លើរបៀបវីរៈ ៣ចំណុចរួមមាន៖
- ការប្រយុទ្ធប្រឆាំង នឹងភាពអត់ឃ្លាន ភាពក្រីក្រ និងវិសមភាព
- ទិដ្ឋភាពបីនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព (សេដ្ឋកិច្ច សង្គម និងបរិស្ថាន)
- កំណែទម្រង់អភិបាលកិច្ចសកល
ក្រៅពីរបៀបវីរៈចំនួន៣ ខាងលើ ប្រធានបទក្ដៅគគុកផ្សេងទៀត ដែលក្រុមអ្នកវិភាគនយោបាយ និងសេដ្ឋកិច្ច រំពឹងថានឹងត្រូវលើកមកដាក់លើតុជជែកគ្នា គឺមានដូចជា សង្គ្រាមនៅតំបន់ហ្គាហ្សា សង្គ្រាមរាំរ៉ៃនៅអ៊ុយក្រែន និងស្ថានភាពហិរញ្ញវត្ថុអាកាសធាតុ។
ចំពោះបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សា កន្លងមកធ្លាប់មានការលូកដៃពីមហាអំណាចធំៗ ក៏ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ច្រានចោល និងទាមទារថា រាល់ដំណោះស្រាយ ដែលស្នើបញ្ចប់សង្គ្រាម ត្រូវតែរួមបញ្ចូលនូវសិទ្ធការពារខ្លួនរបស់អ៊ីស្រាអែល ដ្បិតការបង្កាត់ភ្លើងសង្គ្រាម កើតឡើងពីក្រុមហាម៉ាស មិនមែនអ៊ីស្រាអែលជាអ្នកផ្ដើមឡើយ។
ដោយឡែក សង្គ្រាម ៣ឆ្នាំនៅអ៊ុយក្រែនវិញ ការជជែកអំពីវត្តមានកងទ័ពកូរ៉េខាងជើង លើសមរភូមិរវាងរុស្ស៊ី និងអ៊ុយក្រែន ទំនងត្រូវបានលើកមកនិយាយគ្នា ដោយសម្ព័ន្ធមិត្តអ៊ុយក្រែន នឹងទាមទារឲ្យរុស្ស៊ី និងកូរ៉េខាងជើង បកស្រាយអំពីបញ្ហាមួយនេះ៕
អត្ថបទ៖ Luffy រូបភាព៖ UN