ក្រុមហ៊ុនបន្ទះឈីប Intel ត្រៀមបង្កើនទុនវិនិយោគ ៣០០លានដុល្លារ នៅប្រទេសចិន

ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Intel បានប្រកាសកាលពីថ្ងៃទី២៨ ខែតុលាថា ពួកគេត្រៀមពង្រីកអាជីវកម្មឲ្យកាន់តែធំនៅប្រទេសចិន ជាមួយការបង្កើនទុនវិនិយោគបន្ថែម ៣០០លានដុល្លារ នៅរោងចក្រនៃទីក្រុង Chendu។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន SCMP បានឲ្យដឹងថា ទុនវិនិយោគបន្ថែមរបស់ Intel គឺផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពវេចខ្ចប់ និងតេស្តសាកល្បងផលិតផល មុនដាក់លក់លើទីផ្សារ។

បន្ថែមពីនោះ ពួកគេក៏គ្រោងបង្កើតនូវមជ្ឈមណ្ឌលដំណោះស្រាយអតិថិជន ដើម្បីបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក បង្កើនការគាំទ្រសម្រាប់អតិថិជនចិន និងកែលម្អពេលវេលាឆ្លើយតប ទៅលើបញ្ហាផ្សេងៗជាដើម។

គួររំលឹកបន្តិចថា រោងចក្របន្ទះឈីបរបស់ Intel នៅទីក្រុង Chengdu បានបង្កើតឡើងតាំងពីឆ្នាំ២០០៣ ហើយបានក្លាយជាកន្លែងផលិត និងផ្គត់ផ្គង់បន្ទះឈីបកុំព្យូទ័រ របស់ក្រុមហ៊ុនមួយនេះច្រើនជាង ៥០% នៃផលិតផលនាំចេញទូទាំងសកលលោក៕

អត្ថបទ៖ Luffy រូបភាព៖ Reuters